Skip to content

លោក Trump ឧទ្ទេសនាម​បណ្ដាញ​សង្គម​ថ្មី និង​ផ្ទាល់ខ្លួន

លោក Donald Trump មាន​គម្រោង​បង្ហាញ​វត្តមាន​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​នៅក្នុង​អំឡុង​ពី​ពីរ​ទៅ​បី​ខែ​ខាងមុខ ដែល​នេះ​គឺជា​ការអះអាង​របស់​ទីប្រឹក្សា​នៃ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

Jason Miller ដែលជា​អ្នកនាំពាក្យ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក Trump កាលពី​ឆ្នាំ 2020 បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​ថ្ងៃទី 21មីនា​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump នឹង​បង្ហាញ​វត្តមាន​នៅលើ​បណ្ដាញ​សង្គម​ជាថ្មី​ជាមួយនឹង​ថ្នាល​ដោយឡែក​របស់ខ្លួន​ដែល​អាច «កំណត់​ឡើងវិញ​ទាំងអស់​នូវ​អត្ថន័យ​នៃ​ការប្រកួតប្រជែង»។

ចាប់តាំងពី​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​ត្រលប់​ទៅ​រស់នៅក្នុង​តំបន់​លម្ហែកាយ Mar-a-Lago ក្នុង​រដ្ឋ Florida លោក Trump មិនបាន​បង្ហាញខ្លួន​ញឹកញាប់​នៅមុខ​សាធារណជន​ដូចមុនៗទៀត​ទេ ហើយ​លោក​តែង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជំនួស​វិញ។ ក៏ប៉ុន្តែ បើតាម លោក Miller លោក Trump បានធ្វើ​កិច្ចការ​យ៉ាង​យកចិត្តទុកដាក់។

«គាត់​មាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​នៅ Mar-a-Lago។ មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ជួបប្រជុំ​ជាមួយ​លោក» ទីប្រឹក្សា​របស់លោក Trump បានឱ្យដឹង​ដូច្នេះ។

«ថ្នាល​ថ្មី​នេះ​នឹង​ធំ ហើយ​ខ្លាំង។ល។ គាត់​នឹង​នាំ​មនុស្ស​រាប់លាន រាប់លាន​នាក់ ឬ​រាប់សិប​លាន​នាក់​មកកាន់​ថ្នាល​ថ្មី​នេះ» Miller បាន​បន្ថែម​បែបនេះ ប៉ុន្តែ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វីដែល​ទាក់ទង​នឹង​គម្រោង​ខាងលើនេះ​ទេ។

សូម​រំលឹកថា Facebook, Twitter រួម​នឹង​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត បាន​រាំងខ្ទប់​គណនី​របស់លោក Trump ក្រោយពី​មាន​អំពើហិង្សា​នៅ​ភ្នំ Capitol កាលពី​ថ្ងៃទី6 មករា នៅពេលដែល​លោក​ត្រូវបាន​គេ​ចោទថា បាន​ញុះញង់​ឱ្យ​ក្រុមបាតុករ​សម្រុកចូល​អ​គារ​សភា​អាមេរិក។

មុនពេល​ត្រូវបាន​រាំងខ្ទប់ លោក Trump តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រិះគន់​ដល់​ក្រុមមនុស្ស​ដែល​បាន​ថ្កោលទោស​លោក ឬ​ដើម្បី​ប្រកាស​អំពី​ការផ្លាស់ប្ដូរ​បុគ្គលិក ឬមួយ​ការកែប្រែ​គោលនយោបាយសំខាន់៕

ប្រភព៖ CNA
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *