ក្នុងគ្រាដែលបណ្ដាប្រទេសអ្នកមាននៅតែរក្សាទុកវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងស្រុក ប្រទេសឥណ្ឌាឯណោះវិញត្រូវបានគេសរសើរយ៉ាងខ្លាំងដោយសារតែមានសន្ដានចិត្តល្អ ផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការវីរុស Covid-19 ចំនួន 33 លានដូស និងច្រើនជាងនេះ ទៅឱ្យបណ្ដាប្រទេសក្រីក្ររាប់សិបនៅទូទាំងពិភពលោក។
នៅពេលដែលប្រទេសជាច្រើនលើពិភពលោក ដណ្ដើមគ្នាទិញ និងរក្សាទុកវ៉ាក់សាំងបង្ការវីរុស Covid-19 គេឃើញមានលេចឡើងនូវពាក្យជាច្រើនឃ្លា ដូចជា «រត់ប្រណាំងដណ្ដើមវ៉ាក់សាំង» ឬថា «លទ្ធិពលរដ្ឋវ៉ាក់សាំង» ជាដើម បានលេចឡើងនៅក្នុង «វចនានុក្រម» សកល។
ក៏ប៉ុន្តែ នៅក្នុងពេលដែលកិច្ចសហការទូទាំងពិភពលោកនៅក្នុងការចែករំលែកវ៉ាក់សាំងនៅមានកម្រិតនៅឡើយ ហើយគម្រោងបែងចែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅតែមិនទាន់ត្រូវបានដំណើរការខ្លាំងក្លា ប្រទេសឥណ្ឌាក៏បាននិងកំពុងដើរតាមផ្លូវដោយឡែករបស់ខ្លួន នោះគឺ «ការទូតវ៉ាក់សាំង»។
យុទ្ធនាការណ៍ «Vaccine Maitri» (វ៉ាក់សាំងមិត្តភាព) របស់ប្រទេសនេះ បានបញ្ជូនវ៉ាក់សាំង Covidshield ដែលឥណ្ឌាបានផលិតទៅតាមការអនុញ្ញាតរបស់ Oxford-AstraZeneca ចំនួនរាប់លានដូស ទៅឱ្យប្រទេសប្រហែល 60 ក្នុងពិភពលោក។
ឥណ្ឌាគឺជាមហាអំណាចមួយក្នុងពិភពលោកផ្នែកផលិតឱសថ ដោយប្រទេសនេះផលិតឱសថប្រភពដើមប្រមាណ 20% និងវ៉ាក់សាំងប្រមាណ 62% ធៀបនឹងពិភពលោកទាំងមូល។ ដូច្នេះ ឥណ្ឌាទំនងជាមានប្រៀបជាងប្រទេសផ្សេងៗក្នុងការចាត់ចែងវ៉ាក់សាំង។
មុនពេលវ៉ាក់សាំងបង្ការ Covid-19 ត្រូវបានគេអភិវឌ្ឍ ឥណ្ឌាបានផ្គត់ផ្គង់ថ្នាំ hydroxychloroquine និង paracetamol ទៅឱ្យប្រទេសប្រហែល 100 និងឧបករណ៍ធ្វើតេស្ត រួមនឹងបរិក្ខារពេទ្យជាច្រើនផ្សេងទៀតទៅឱ្យប្រទេសប្រហែល 90 ក្នុងពិភពលោ។
ក្រោយមក នៅពេលវ៉ាក់សាំង Oxford-AstraZeneca មិនទាន់ទទួលបានការអនុម័តនៅឡើយ លោក Adar Poonawall ប្រធានវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII ជាក្រុមហ៊ុនឯកជន) បានសម្រេចចិត្តផលិតវ៉ាក់សាំងនេះ ដែលជាការផ្សងព្រេងមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
នៅពេលវ៉ាក់សាំង AstraZeneca ទទួលបានការអនុម័ត SII ផលិតបានវ៉ាក់សាំងនេះក្នុងបរិមាណរាប់លានដូស ដើម្បីប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅបរទេស។
វ៉ាក់សាំងប្រភេទផ្សេងៗគ្នារបស់ឥណ្ឌា ត្រូវបានបញ្ជូនទៅកាន់ប្រទេសស្ទើរតែទាំងអស់ដែលនៅជិតខាងឥណ្ឌា រួមមាន អាហ្វហ្គានីស្ថាន, បង់ក្លាដែស, ប៊ូតាន, ស្រីលង្កា, ម៉ាល់ឌីវ, មីយ៉ានម៉ា, នេប៉ាល ហើយឆ្ងាយជាងនេះគឺបណ្ដាប្រទេសដូចជា កម្ពុជា, សីសែល, ម៉ុងហ្គោលី, បណ្ដាប្រទេសនៅតំបន់ការីបៀន និងអាហ្វ្រិកជាដើម។
វ៉ាក់សាំងបានជួយផ្សះផ្សារទំនាក់ទំនងរវាងឥណ្ឌាជាមួយនឹងបង់ក្លាដែស និងកែលម្ហមិត្តភាពជាមួយនឹងម៉ាឌីវ ទន្ទឹមនឹងការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជាច្រើនទៀត។
វ៉ាក់សាំងផលិតនៅឥណ្ឌា ហាក់មានប្រៀបជាងបណ្ដាប្រទេសផ្សេងៗ នៅពេលនិយាយដល់ការផលិតដើម្បីគោលដៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយសារតែមានតម្លៃទាប។ ក្រៅពីនេះ វ៉ាក់សាំងដែលផលិតដោយឥណ្ឌាក៏ត្រូវគេជឿថា មានសុវត្ថិភាព កាត់បន្ថយការចំណាយបានច្រើន ព្រោះតែមិនតម្រូវឱ្យមានការការពារ និងដឹកជញ្ជូននៅក្នុងសីតុណ្ហភាពទាប។
ក្រៅពីត្រូវបានប្រើប្រាស់នៅក្នុងបណ្ដាប្រទេសក្រីក្រ វ៉ាក់សាំងរបស់ឥណ្ឌាក៏ត្រូវបានផ្គត់ផ្គង់ដល់បណ្ដាប្រទេសអ្នកមានផងដែរ ក្នុងនោះមានដូចជាចក្រភពអង់គ្លេស និងកាណាដាជាដើម។
ប្រទេសឥណ្ឌាក៏កំពុងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 ចំនួន 1.1ពាន់លានដូស ទៅឱ្យកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីបែងចែកដល់បណ្ដាប្រទេសក្រីក្រ។
គោលនយោបាយការទូតផ្នែកវ៉ាក់សាំងរបស់ប្រទេសឥណ្ឌា បាននាំមកនូវផលប្រយោជន៍ដល់មហិច្ឆតាក្លាយជាមហាអំណាចពិភពលោកផ្នែកឱសថ និងមហាអំណាចដែលមាន «ទឹកមាត់ប្រៃ» នៃប្រទេសនេះ។ បើសិនជាកៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងវិញ នោះប្រទេសនានាដែលបានទទួលផលប្រយោជន៍ពីឥណ្ឌា ប្រាកដជានឹងដឹងគុណចំពោះអ្នកណាដែលធ្វើកិច្ចការច្រើនបំផុតដើម្បីសង្គ្រោះពិភពលោកដែលកំពុងទទួលរងការវាយប្រហារពី Covid-19៕
ប្រភព៖ CAN
ប្រែសម្រួល៖ បុត្រា