សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក យល់ថា កសិដ្ឋានចិញ្ចឹមសត្វព្រៃជាច្រើននៅភាគខាងត្បូងប្រទេសចិន ទំនងជាប្រភពដែលបង្កឱ្យមានការឆ្លងរាលដាលនៃវីរុស Covid-19។
ប្រទេសចិនបានបិទទ្វារកសិដ្ឋានចិញ្ចឹមសត្វព្រៃតាំងពីខែកុម្ភៈ ឆ្នាំ 2020 នេះបើតាម Peter Daszak អ្នកបរិស្ថានវិទ្យាដែលជំនាញផ្នែករោគឆ្លងរបស់អង្គការសម្ព័ន្ធសុខភាពអេកូឡូស៊ី (EcoHealth Alliance) និងជាសមាជិកនៃប្រតិភូរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានទៅស្រាវជ្រាវនៅប្រទេសចិនក្នុងឆ្នាំនេះ។
ក្នុងដំណើរស្រាវជ្រាវនៅប្រទេសចិន លោក Daszak ឱ្យដឹងថា ក្រុមស្រាវជ្រាវរបស់ WHO បានរកឃើញភ័ស្ដុតាងថ្មីបង្ហាញថា កសិដ្ឋានទាំងនេះបានផ្គត់ផ្គង់សត្វព្រៃដល់ផ្សារលក់គ្រឿងសមុទ្រ Huanan (Huanan Seafood Wholesale Market) នៅទីក្រុង Wuhan ជាកន្លែងផ្ទុះឆ្លងរាល់ដាលនៃវីរុស Covid-19 ដំបូងគេកាលពីចុងឆ្នាំ 2019។
ប្រតិកម្មរបស់រដ្ឋាភិបាលចិនគឺជាសញ្ញាដ៏ខ្លាំងក្លាបង្ហាញថា ទីក្រុងប៉េកាំង វាយតម្លៃខ្ពស់ថា កសិដ្ឋាននានានៅទីនេះអាចជាច្រកចេញសម្រាប់ការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាពីសត្វប្រចៀវមកមនុស្សនៅទីក្រុង Wuhan។
ក្នុងចំណោមកសិដ្ឋានខាងលើ មានកសិដ្ឋានមួយនៅក្នុងខេត្ត Yunnan គឺជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលចិន ដែលបានដំណើរការអស់រយៈពេល 20 ឆ្នាំមកហើយ។ «ពួកគេចាប់សត្វព្រៃចម្លែកៗមកចិញ្ចឹម មានដូចជាសត្វសំពោច, ប្រមា, ពង្រូល។ល» លោក Daszak បង្ហើបឱ្យដឹងដូច្នេះ។
តាមគម្រោង WHO នឹងប្រកាសលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រភពរបស់ Covid-19 នៅក្នុងអំឡុងពីរសប្ដាហ៍ខាងមុខ។ Daszak វាយតម្លៃខ្ពស់ទៅលើអ្វីដែលក្រុមរបស់ WHO រកឃើញនៅប្រទេសចិន។
លោក Daszak ថ្លែងថា «ប្រទេសចិនបានជំរុញឱ្យមានការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមសត្វព្រៃដើម្បីជាវិធីសាស្ត្រសម្រាប់កាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ»។ កសិដ្ឋានទាំងនេះ បានជួយឱ្យរដ្ឋាភិបាលចិនសម្រេចបានគោលដៅកាត់បន្ថយគម្លាតរវាងតំបន់ជនបទជាមួយនឹងទីក្រុងកាលពីឆ្នាំ 2020។
លោក Daszak បន្តថា «កម្មវិធីខាងលើទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឆ្នាំ 2016 កសិដ្ឋានទាំងនោះមានកម្មករសរុបចំនួន 14 លាននាក់។ វិស័យនេះ មានតម្លៃ 70 ពាន់លានដុល្លារអាមេរិក»។
ថ្ងៃទី 24 កុម្ភៈ 2020 នៅពេលស្ថានភាពរោគរាតត្បាតកើតឡើងនៅទីក្រុង Wuhan រដ្ឋាភិបាលចិនក៏បានសម្រេចចិត្តលើកិច្ចការសំខាន់មួយ នោះគឺ «ឈប់ចិញ្ចឹមសត្វព្រៃធ្វើជាអាហារ»។ «ពួកគេបានណែនាំកសិករឱ្យបំផ្លាញចោលសត្វព្រៃទាំងនោះដោយសុវត្ថិភាព មានដូចជា កប់ និងដុតជាដើម ដែលជាវិធីមិនឱ្យមានការរីករាលដាលនៃវីរុស»។
ហេតុអ្វីរដ្ឋាភិបាលចិនធ្វើដូច្នេះ? បើតាមលោក Daszak កសិដ្ឋានទាំងនេះអាចជាទីតាំងឆ្លងរាលដាលដ៏ប្រសើរ ជាកន្លែងដែលវីរុសឆ្លងពីសត្វប្រចៀវមកសត្វណាមួយផ្សេងទៀត ហើយក្រោយមកសត្វនោះបានចម្លងវីរុសនោះមកមនុស្ស។
លោក Daszak បញ្ជាក់ថា «ខ្ញុំពិតជាយល់ថា Covid-19 ចាប់ផ្ដើមឆ្លងមកមនុស្សនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិន។ ការរកឃើញថ្មីៗនេះ ក៏សុទ្ធតែបានបញ្ជាក់អំពីប្រការនេះដែរ»៕
ប្រភព៖ Reddit, NPR
ប្រែសម្រួល៖ បុត្រា