នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha គឺជាមនុស្សដំបូងគេនៅប្រទេសថៃដែលបានចាក់វ៉ាក់សាំង AstraZeneca ក្នុងគ្រាដែលប្រទេសជាច្រើនក្នុងពិភពលោក កំពុងសង្ស័យលើហានិភ័យនៃបញ្ហាកកឈាមក្រោយពីការចាក់វ៉ាក់សាំងនេះ។
«ថ្ងៃនេះ ខ្ញុំបានជួយបង្កើនទំនុកចិត្តដល់សាធារណជន» នាយករដ្ឋមន្ត្រី Prayuth ថ្លែងដូច្នេះនៅពេលទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន AstraZeneca។ មេដឹកនាំវ័យ 67 ឆ្នាំរូបនេះ ក្រោយមកបានឱ្យដឹងថា លោកមានសុវត្ថិភាពបន្ទាប់ពីបានចាក់វ៉ាក់សាំង។
តាមគម្រោង លោក Prayuth និងសមាជិកគណៈរដ្ឋមន្ត្រី ត្រូវចាក់វ៉ាក់សាំងនៅថ្ងៃទី 12 មីនា ប៉ុន្តែ ត្រូវបានពន្យារពេល ក្រោយពីប្រទេសថៃត្រូវផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារមានព័ត៌មានមិនល្អទាក់ទងនឹងការចាក់វ៉ាក់សាំងនេះ ដែលបាននាំឱ្យប្រទេសជាច្រើននៅអឺរ៉ុប ត្រូវផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca។
បណ្ដាប្រទេសដែលបានផ្អាកការប្រើប្រាស់ AstraZeneca រួមមាន បារាំង, អ៊ីតាលី, អាល្លឺម៉ង់, ស្លូវេនី, អេស្ប៉ាញ, អៀរឡង់, ហូឡង់, ដាណឺម៉ាក, អ៊ីស្លង់, អូទ្រីស, ប៊ុលហ្គារី, រ៉ូម៉ានី, អេស្តូនី, លីទុយអានី, លុចសំបួ និងប្រទេសឡាតវីយ៉ា។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី 15 មីនា បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងនឹងត្រូវបានធ្វើបន្តទៀត ព្រោះថា ប្រទេសជាច្រើនបានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca មិនមែនជាមូលហេតុដែលនាំឱ្យមានបញ្ហាកកឈាម។
វ៉ាក់សាំងបង្ការ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យា Oxford នៃប្រទេសអង់គ្លេស ត្រូវបានអនុម័តឱ្យប្រើប្រាស់បន្ទាន់ ឬចររាចរណ៍នៅក្នុងប្រទេសជាង 50 រួមមានទាំងអង់គ្លេស និងសហភាពអឺរ៉ុបផងដែរ។ គិតមកដល់ថ្ងៃទី 10 មីនា មនុស្សប្រមាណ 5 លាននាក់នៅអឺរ៉ុប បានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ AstraZeneca។
យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែលើកទឹកចិត្តឱ្យប្រទេសនានាបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca ដដែល ដោយអះអាងថា មកដល់ពេលនេះ WHO មិនទាន់រកឃើញទំនាក់ទំនងរវាងបញ្ហាកកឈាមជាមួយនឹងវ៉ាក់សាំងនេះនៅឡើយ។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានប្រកាសថា វ៉ាក់សាំង AstraZeneca មានសុវត្ថិភាព ហើយរដ្ឋាភិបាលអង់គ្លេសមានទំនុកចិត្តក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ។
ភាគីក្រុមហ៊ុន AstraZeneca ក៏បានបញ្ជាក់ថា ពួកគេបានវិភាគទៅលើទិន្នន័យជាង 10 លានច្បាប់ និងបានរកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព ហើយថា មិនបានរកឃើញភ័ស្ដុតាងណាមួយបញ្ជាក់ថា វាបង្កហានិភ័យនៃបញ្ហាកកឈាមនោះឡើង៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា