កាលពីម្សិលមិញ (15 មីនា 2021) វៀតណាមបានចាប់ផ្ដើមចាក់វ៉ាក់សាំង Covivac របស់ខ្លួនទៅឱ្យអ្នកស្ម័គ្រចិត្តចំនួន 6 នាក់ នៅក្នុងការពិសោធលើមនុស្សដំណាក់កាលដំបូង នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។
«នេះគឺជាប្រភេទវ៉ាក់សាំងដែលយើងខ្ញុំមានក្ដីសង្ឃឹមជាទីបំផុត ព្រោះថា វាទទួលបានការវាយតម្លៃខ្ពស់ពីឥណ្ឌា និងនៅសហរដ្ឋអាមេរិក។ ជាងនេះ លទ្ធផលនៃការត្រួតពិនិត្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Icahn នៅ Mount Sinai ទីក្រុង New York សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បង្ហាញថា វ៉ាក់សាំង Covivac មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការវីរុសក្លាយពូជថ្មីនៅអង់គ្លេស និងនៅអាហ្វ្រិកខាងត្បូង។ល»
ខាងលើនេះគឺជាការចែករំលែកឱ្យដឹងកាលពីព្រឹកថ្ងៃទី 15 មីនា 2021 ពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម។
វ៉ាក់សាំង Covivac គឺជាផលិតផលសហការណ៍រវាងវិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ (IVAC) របស់វៀតណាម ជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Icahn នៅ Mount Sinai ក្នុងទីក្រុង New York, សាកលវិទ្យាល័យ Texas នៅ Austin, អង្គការអាមេរិក PATH និងដៃគូផ្សេងៗមួយចំនួនទៀត។
ការសិក្សាស្រាវជ្រាវក្នុងការអភិវឌ្ឍវ៉ាក់សាំងខាងលើ ត្រូវបានតាមដានជាលក្ខណឯករាជ្យដោយ Vietstar Biomedical Research ខណៈដែលទិន្នន័យត្រូវបានគ្រប់គ្រង និងវិភាគដោយមជ្ឈមណ្ឌល BIOPHICS នៃសាកលវិទ្យាល័យ Mahidol នៃប្រទេសថៃ។
ប្រភពព័ត៌មានឱ្យដឹងថា ការពិសោធលើមនុស្សដំណាក់កាលទីមួយនេះ មានអ្នកស្ម័គ្រចិត្តចំនួន 120 នាក់ ដែលចែកចេញជា 5 ក្រុម រួមមាន 3 ក្រុមត្រូវប្រើវ៉ាក់សាំង ដែលមិនមាន adjuvant (ជាសារធាតុ មានតួនាទីដាស់ប្រព័ន្ធសរីរាង្គការពារខ្លួនរបស់មនុស្សឱ្យមានភាពរឹងមាំ ទប់ជាមួយនឹងវីរុស), 1 ក្រុមត្រូវចាក់អង្គបដិប្រាណ S កម្រិត 1mcg ដែលមានបន្ថែមសារធាតុ adjuvant និង 1 ក្រុមទៀតដែលមានអ្នកស្ម័គ្រចិត្ត 20 នាក់ នឹងត្រូវបានចាក់វ៉ាក់សាំង placebo (ទឹកអំបិលដែលបានរំងាប់មេរោគ) ដើម្បីប្រៀបធៀបជាមួយនឹងក្រុមទាំងខាងលើ។
បន្ទាប់ពីមានរបាយការណ៍លទ្ធផលនៅពាក់កណ្ដាល និងចុងដំណាក់កាលទីមួយ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកក្កដា 2021 នោះក្រុមស្រាវជ្រាវនឹងដាក់សំណើសុំការអនុម័តពីក្រសួងសុខាភិបាលដើម្បីបន្តការពិសោធលើមនុស្សដំណាក់ទីពីរ បើសិនជាវ៉ាក់សាំងសម្រេចបានដូចស្ដង់ដាសុវត្ថិភាព និងមានសមត្ថភាពទប់ស្កាត់វីរុស៕
ប្រភព៖ CB
ប្រែសម្រួល៖ បុត្រា