ដើម្បីចៀសវាងការផ្ទុះរីករាលដាលជំងឺ Covid-19 បន្តទៀ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗដែលមានមនុស្សចូលរួមច្រើន។
នៅរសៀលថ្ងៃទី 15 មីនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈសារជាសំឡេង បានថ្លែងថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកសកម្មភាពនៃពិធីផ្សេងៗក្នុងសង្គម។ ក៏ប៉ុន្តែ សកម្មភាពនេះមិនទាន់ត្រូវបានចាត់វិធានការតឹងរ៉ឹងនៅឡើយ ខណៈដែលអ្នកទៅចូលរួមពិធីសង្គមផ្សេងៗមានបញ្ហាឆ្លងរាលដាលវីរុស។
«អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត» ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ដូច្នេះ និងបានបន្តថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។
នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋផងដែរ ទាក់ទិននឹងបញ្ហាផ្អាកពិធីផ្សេងៗដែលរដ្ឋបាលមូលដ្ឋាននឹងធ្វើឡើងនាពេលខាងមុខ៕
ដកស្រង់ដោយ៖ បុត្រា