កាលពីថ្ងៃទី 14 មីនា បណ្ដាប្រទេសនៅក្នុងសមាគម ASEAN រកឃើញករណីវិជ្ជមានថ្មីជាង 11,200 នាក់ នាំឱ្យតួលេខអ្នកវិជ្ជមានសរុបឡើងជិតដល់ 2.6 លាននាក់ ក្នុងនោះ អ្នកវិជ្ជមានថ្មីនៅប្រទេសហ្វីលីពីន បានកើនលើសឥណ្ឌូនេស៊ី។
យោងតាមទំព័រ Worldometers គិតត្រឹមម៉ោង 23 និង 59 នាទី នៃថ្ងៃទី 14 មីនា បណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 11,203 ករណី និងអ្នកស្លាប់ចំនួន 164 ករណី។
ដូច្នេះ បណ្ដាប្រទេសក្នុងសមាគម ASEAN បច្ចុប្បន្ន មានអ្នកវិ្ជមាននឹង Covid-19 សរុបចំនួន 2,598,168 នាក់ ក្នុងនោះមាន 55,821 នាក់ បានស្លាប់ និង 2,330,813 នាក់បានជាសះស្បើយ។
ក្នុងថ្ងៃទី 14 មីនា តំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន 3 ដែលមានអ្នកស្លាប់ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ីមានរហូតដល់ 97 នាក់ ខណៈហ្វីលីពីន មាន 63 នាក់ និងម៉ាឡេស៊ីមាន 4 នាក់។
ឥណ្ឌូនេស៊ីបន្តជាសម្បុកវីរុស Covid-19 ធំជាងគេក្នុងតំបន់ ASEAN ដោយមានអ្នកជំងឺសរុប 1,419,455 នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន 4,714 នាក់ និងអ្នកស្លាប់សរុប 38,426 នាក់។
ហ្វីលីពីនកំពុងដោះស្រាយបញ្ហាឆ្លងរាលដាលថ្មី ដោយមានករណីឆ្លងថ្មីច្រើនជាងឥណ្ឌូនេស៊ីទៅទៀត ដោយមានអ្នកវិជ្ជមានថ្មីចំនួន 4,899 នាក់ ក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន 621,498 នាក់ និងអ្នកស្លាប់សរុប 12,829 នាក់។ ចំណែកស្ថានការណ៍នៅប្រទេសម៉ាឡេស៊ី កំពុងប្រសើរឡើងជាងមុនបន្តិច ដោយមានអ្នកវិជ្ជមានថ្មីក្នុងថ្ងៃទី 14 មីនា ចំនួន 1,354 នាក់ នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមាន ឡើងដល់ 621,498 និងស្លាប់សរុប 12,829 នាក់៕
ប្រភព៖ Worldometers/THX
ប្រែសម្រួល៖ បុត្រា