អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា មិនមានមូលហេតុអ្វីដែលនាំឱ្យពិភពលោកត្រូវផ្អាកការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុន AstraZeneca (អង់គ្លេស-ស៊ុយអែដ) នោះទេ ក្រោយពីមានប្រទេសមួយចំនួនបានផ្អាកប្រើប្រាស់វ៉ាក់សាំងនេះ។
ខាងលើនេះគឺជាការលើកឡើងរបស់លោកស្រី Margaret Harris អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក ដែលបានថ្លែងកាលពីថ្ងៃទី 12 មីនា 2021។
ការលើកឡើងរបស់ WHO ត្រូវបានធ្វើឡើង ក្រោយពីប្រទេសមួយចំនួនក្នុងពិភពលោក ដូចជា ដាណឺម៉ាក, ន័រវែស, អ៊ីស្លង់ ជាដើម បានប្រកាសផ្អាកការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដោយសារតែមានបញ្ហាកកឈាមលើមនុស្សមួយចំនួនបន្ទាប់ពីបានចាក់វ៉ាក់សាំងនេះ។ ប្រទេសថៃ កាលពីម្សិលមិញក៏បានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលផ្អាកការចាក់វ៉ាក់សាំងនេះដែរ។
ក៏ប៉ុន្តែ រដ្ឋាភិបាលនៃប្រទេសជាច្រើន នៅតែបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយយល់ថា ផលប្រយោជន៍ដែលវ៉ាក់សាំងនេះនាំមកគឺធំធេងជាងឆ្ងាយ បើធៀបនឹងហានិភ័យ។
យោងតាមស្ថិតិពីអង្គភាពចាក់វ៉ាក់សាំងនានានៅអឺរ៉ុប នៅក្នុងចំណោមមនុស្សប្រមាណជា 5 លាននាក់ដែលបានចាក់វ៉ាក់សាំង AstraZeneca មានមនុស្សប្រហែល 30 នាក់ប៉ុណ្ណោះដែលជួបបញ្ហាកកឈាម។ អត្រានេះមិនស្ថិតនៅក្រៅការព្យាករអំពីហានិភ័យនោះទេ។
វ៉ាក់សាំងបង្ការ Covid-19 ដែលត្រូវបានក្រុមហ៊ុន AstraZeneca សហការអភិវឌ្ឍជាមួយនឹងសាកលវិទ្យាល័យ Oxford ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ និងប្រើប្រាស់នៅក្នុងប្រទេសជាង 50 ក្នុងនោះមានទាំងអង់គ្លេស និងសហភាពអឺរ៉ុប (EU) ផងដែរ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា