ផ្សារវិហារសួគ៌ដែលមានទីតាំងស្ថិតនៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារអ្នកវិជ្ជមាននឹង Covid-19 ម្នាក់បានចូលមកលេងបងប្អូនក្នុងផ្សារនេះ។
ដំណឹងខាងលើនេះ ត្រូវបានលោក ប៊ុន ផេង អភិបាលនៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យដឹងនៅថ្ងៃទី 12 មីនា 2021 នេះ។ លោកចៅហ្វាលស្រុករូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ សហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការបង្ការបញ្ហាឆ្លងរាលដាលឱ្យទាន់ពេលផងដែរ។
គិតត្រឹមថ្ងៃទី 12 មីនា 2021 នេះ ខេត្តកណ្ដាល មានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 73 នាក់ ក្នុងនោះមាន 69 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ និង 4 នាក់ បានជាសះស្បើយ។
នៅទូទាំងប្រទេស មានអ្នកវិជ្ជមាននឹងវីរុសនេះសរុបចំនួន 1,225 នាក់ ក្នុងនោះមាន 619 នាក់បានជាសះស្បើយ ខណៈ 1 នាក់បានស្លាប់ និង 604 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ៕