លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ករណីស្លាប់ដោយសារ Covid-19 ជាលើកដំបូងនៅកម្ពុជា គឺបណ្ដាលមកពីសួតត្រូវរងការខូចខាតធ្ងន់ធ្ងរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍កាលពីថ្ងៃទី 11 មីនាថា អ្នកជំងឺ Covid-19 ខាងលើត្រូវបានក្រុមគ្រូពេទ្យព្យាបាលអស់ពីលទ្ធភាពហើយ មុននឹងបាត់បង់ជីវិត។ ការថតសួតមុនពេលស្លាប់បានបង្ហាញថា សួតទាំងសងខាងរបស់អ្នកជំងឺនេះ ត្រូវខូចខាតធ្ងន់ធ្ងន់ បណ្ដាលឱ្យខ្វះអុកស៊ីហ្សែន ព្រោះតែវីរុសវាយលុកខ្លាំង។
លោកជំទាវបន្តថា អាការរបស់អ្នកជំងឺនេះ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ជាឧបករណ៍ទំនើបដែលអាចជួយអូសបន្លាយអាយុជីវិតរបស់អ្នកជំងឺ ក្នុងអំឡុងពេលព្យាបាល។ ក៏ប៉ុន្តែ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺក៏បានបាត់បង់ជីវិត។
សូមរំលឹកថា អ្នកស្លាប់ដោយសារវីរុស Covid-19 ដំបូងគេនៅកម្ពុជា គឺជាបុរសម្នាក់ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តឱ្យជនជាតិចិន នៅខេត្តព្រះសីហនុ។ អ្នកជំងឺនេះបានស្លាប់កាលពីថ្ងៃទី 11 មីនា 2021 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់ដោយ៖ បុត្រា