ចាប់ពីថ្ងៃទី 12 មីនា 2021 ប្រទេសម៉ាឡេស៊ី នឹងពិន័យជាប្រាក់ឡើងដល់ 100,000 រីងហ្កីត (ជិត 25,000 ដុល្លារ) ឬដាក់ពន្ធនាគាររហូតដល់ 3 ឆ្នាំ ឬក៏ពិន័យទាំងពីរវិធានការនេះ ចំពោះករណីផ្ដល់ព័ត៌មានក្លែងក្លាយ ផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទងនឹងស្ថានភាព Covid-19 ឬស្ថានភាពបន្ទាន់របស់ប្រទេសជាតិ។
ព័ត៌មានខាងលើត្រូវបានចុះផ្សាយនៅលើទំព័រជូនដំណឹងរបស់រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃទី 11 មីនា 2021។ ក្រៅពីប្រការទាំងនេះ តុលាការក៏អាចស្នើឱ្យជនល្មើសសុំទោសចំពោះជនទាំងឡាយណាដែលរងផលប៉ះពាល់ផងដែរ។ បើសិនជាជនល្មើសមិនអនុវត្តតាមតុលាការ នោះនឹងត្រូវពិន័យជាប្រាក់ឡើងដល់ 50,000 រីងហ្កីត (12,500 ដុល្លារអាមេរិក) ឬដាក់ពន្ធនាគារក្រោមមួយឆ្នាំ ឬត្រូវទទួលការពិន័យទាំងពីរ។
គិតមកដល់ព្រឹកថ្ងៃទី 12 មីនា 2021 នេះ ម៉ាឡេស៊ី បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 319,364 នាក់ ក្នុងនោះមានអ្នកជាសះ 300,620 នាក់ ខណៈ 17,544 នាក់ កំពុងព្យាបាល និង 1,200 បានបាត់បង់ជីវិត៕
ប្រភព៖ CNA
ប្រែសម្រួល៖ បុត្រា