នាយទាហានម្នាក់ដែលធ្វើការនៅខុទ្ទកាល័យនៃអគ្គបញ្ជាការដ្ឋានកងទ័ព បានទទួលលទ្ធផលវិជ្ជមាននឹង Covid-19 បើទោះជាបានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 លើកទីមួយហើយក្ដី។
មន្ត្រីយោធិនដែលត្រូវបានរកឃើញថាវិជ្ជមាននឹង Covid-19 កាលពីថ្ងៃទី 8 មីនា 2021 ខាងលើ មានឈ្មោះថា លី ចាន់សុវណ្ណបញ្ញា អាយុ 24 ឆ្នាំ មានតួនាទីជាជំនួយការរបស់ការិយាល័យហិរញ្ញវត្ថុនៃខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងទ័ព។ ព័ត៌មាននេះគឺយោងតាមលិខិតជូនដំណឹងរបស់ប្រធានខុទ្ទកាល័យនៃអគ្គបញ្ជាការដ្ឋាន ដែលបានផ្ញើជូនអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី 11 មីនា ឆ្នាំ 2021 នេះ។
លិខិតជូនដំណឹងខាងលើក៏បានបញ្ជាក់ថា នាយទាហានខាងលើគឺជាកូនប្រសារបស់គ្រូពេទ្យមួយរូបនៅអ្នកលឿន ខេត្តព្រៃវែង ដែលបានឆ្លងវីរុស Covid-19 មុននោះ។
ទោះជាយ៉ាងនេះក្ដី ខុទ្ទកាល័យនៃអគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា ដោយសារតែនាយទាហានរូបនេះមិនសូវសកម្មនៅកន្លែងធ្វើការ ដូច្នេះមិនមានហានិភ័យនៃការចម្លងវីរុសដល់អ្នកដទៃក្នុងខុទ្ទកាល័យនោះឡើយ៕