ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella មិនត្រូវបានប្រព្រឹត្តជាពិសេសពីសំណាក់ក្រុមវេជ្ជបណ្ឌិតនោះទេ នៅពេលលោកទៅទទួលការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅឯមន្ទីរពេទ្យមួយនាទីក្រុង Rome។
រូបថតដែលត្រូវបានការិយាល័យប្រធានាធិបតីចុះផ្សាយនៅថ្ងៃទី 9 មីនា បង្ហាញថា មេដឹកនាំវ័យ 79 ឆ្នាំរូបនេះ អង្គុយនៅលើកៅអីដូចទៅនឹងមនុស្សវ័យចំណាស់ដទៃទៀត នៅក្នុងសាលធំមួយនៃមន្ទីរពេទ្យ Spallanzani ក្នុងពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើការ។ គ្រប់គ្នាសុទ្ធតែរក្សាគម្លាតសុវត្ថិភាពទៅតាមការកំណត់។
ប្រធានាធិបតី Sergio Mattarella រង់ចាំរហូតដល់ក្រុមវ័យរបស់លោកត្រូវបានហៅឈ្មោះ និងចាក់វ៉ាក់សាំង Moderna។ ការិយាល័យប្រធានាធិបតីឱ្យដឹងថា ប្រធានាធិបតីអ៊ីតាលីត្រូវបានចាក់វ៉ាក់សាំងទៅតាម «យុទ្ធនាការចាក់ថ្នាំបង្ការសម្រាប់មនុស្សដែលកើតក្នុងឆ្នាំ 1941»។
ប្រទេសអ៊ីតាលី ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 តាំងពីចុងខែធ្នូ 2020 ប៉ុន្តែ ដូចទៅនឹងប្រទេសផ្សេងៗ យុទ្ធនាការនេះត្រូវបានពន្យារពេលដោយសារខ្វះប្រភពផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រីថ្មី Mario Draghi បានសន្យារថានឹងជំរុញល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង ដោយសារអត្រាឆ្លងកើនឡើងលឿនព្រោះតែវីរុសក្លាយពូជថ្មី។
គិតមកដល់បច្ចុប្បន្ន អ៊ីតាលីបានចាក់វ៉ាក់សាំងអស់ចំនួន 5.6 លានដូស ក៏ប៉ុន្តែ មានតែ 1.7 លាននាក់ប៉ុណ្ណោះដែលបានចាក់រួចរាល់ នៅក្នុងចំណោមប្រជាជនសរុបជាង 60 លាននាក់។
មកដល់បច្ចុប្បន្ន ប្រទេសនេះបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 3,101,093 នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 100,479 នាក់ និងជាសះស្បើយចំនួន 2,521,731 នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន 478,883 នាក់៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា