ថ្ងៃទី 9 មីនា បណ្ដាប្រទេស ASEAN បានរកឃើញអ្នកឆ្លង Covid-19 ថ្មី ជាង 10,000 នាក់ នាំឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ 2.54 លាននាក់។
យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 9 មីនា បណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រកឃើញអ្នកវិជ្ជមានចំនួន 10,474 នាក់ និងអ្នកស្លាប់ចំនួន 266 នាក់។ ដូច្នេះ បច្ចុប្បន្ន តំបន់នេះមានអ្នកឆ្លងវីរុស Covid-19 សរុប 2,542,205 នាក់ ក្នុងនោះមាន 54,823 នាក់បានស្លាប់ និង 2,273,580 នាក់ បានជាសះស្បើយ។
ក្នុងថ្ងៃទី 9 មីនា តំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន 3 ដែលមានអ្នកស្លាប់ដោយសារ Covid-19 រួមមាន ឥណ្ឌូនេស៊ី (210 នាក់), ហ្វីលីពីន (7 នាក់) និងម៉ាឡេស៊ី (9 នាក់)។
ឥណ្ឌូនេស៊ី បន្តជាសម្បុកវីរុស Covid-19 គ្រោះថ្នាក់ជាងគេក្នុងតំបន់អាស៊ីនអាគ្នេយ៍ ដោយមានករណីឆ្លងថ្មីចំនួន 6,389 នាក់ នាំឱ្យតួលេខសរុបឡើងដល់ 1,392,945 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 37,757 នាក់។
ស្ថានភាព Covid-19 នៅម៉ាឡេស៊ីក៏គួរឱ្យព្រួយបារម្ភ ដោយមានករណីឆ្លងថ្មីចំនួន 1,280 នាក់ កាលពីថ្ងៃទី 9 មីនា នាំឱ្យតួលេខសរុបឡើងដល់ 316,286 នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 1,186 នាក់។ ចំណែកហ្វីលីពីនមានអ្នកស្លាប់សរុប 12,528 នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន 600,428 នាក់។
នៅទូទាំងពិភពលោក អ្នកវិជ្ជមាននឹង Covid-19 សរុបបានកើនឡើងដល់ 118,143,312 នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន 2,621,012 នាក់ និងជាសះស្បើយចំនួន 93,827,318 នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន 21,694,982 នាក់៕
ប្រភព៖ Worldometers
ប្រែសម្រួល៖ បុត្រា