អ្នករចនាផលិតផលម្នាក់ឈ្មោះ Daan Roosegaarde បានបង្កើតឧបករណ៍កម្ចាត់មេរោគដោយប្រើប្រាស់កាំរស្មី UV ដែលអាចសម្លាប់វីរុសនៅទីសាធារណៈបានយ៉ាងល្អ។
នៅប្រទេសហូឡង់ ឧបករណ៍ដែលមានឈ្មោះថា Urban Sun នេះ អាចជួយកម្ចាត់វីរុស Covid-19 បាន។ វាកម្ចាត់វីរុស ឬបាក់តេរីនៅទីសាធារណៈ ដោយប្រើប្រាស់កាំរស្មី UV ប្រកបដោយសុវវត្ថិភាពសម្រាប់មនុស្ស ដែលនេះក៏ជួយឱ្យមនុស្សម្នាងាយស្រួលក្នុងការជួបជុំនៅទីសាធារណៈ។
កាំរស្មី UV ត្រូវបានគេស្គាល់ថាជាពន្លឺដែលបង្កការខូចខាតដល់ស្បែកមនុស្ស ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មួយផ្នែកនៃពន្លឺរបស់វាអាចសម្លាប់វីរុសបានរហូតដល់ 99.9% ដោយមិនបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វ។
រង្វង់មូលពណ៌លឿងនៅក្នុងវីដេអូនេះគឺជាទីតាំងដែលអាចសម្លាប់វីរុស និងមេរោគផ្សេង។ Urban Sun គឺជាផលិតផលរបស់អ្នករចនា Daan Roosegaarde ជាជនជាតិហូឡង់ សហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រមកពីហូឡង់ អាមេរិក ជប៉ុន និងអ៊ីតាលី។
ឧបករណ៍នេះ កំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដោយមានជំនួយពីគណៈកម្មការសុខាភិបាលសាធារណៈ និងពលរដ្ឋហូឡង់។
Roosegaarde សង្ឃឹមថា របកគំហើញរបស់គាត់អាចជួយឱ្យការធ្វើចត្តាឡីស័ក និងការរក្សាគម្លាតសង្គមប្រព្រឹត្តិទៅដោយងាយស្រួលជាងមុន ដោយសារវាជួយឱ្យគ្រប់គ្នាអាចជួបជុំដោយសុវត្ថិភាពខ្ពស់៕
ប្រភព៖ WEF
ប្រែសម្រួល៖ បុត្រា