ពិភពលោកទាំងមូលបានរកឃើញករណីឆ្លង Covid-19 សរុបចំនួន 117,737,690 នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 2,611,556 នាក់ និងជាសះស្បើយ 93,400,984 នាក់ ខណៈអ្នកជំងឺកំពុងទទួលការព្យាបាល មានចំនួន 21,725,150 នាក់។
សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសធំជាងគេ បានរកឃើញមនុស្សចំនួន 29,743,289 នាក់ បានឆ្លងវីរុស Covid-19 ក្នុងនោះមាន 538,603 នាក់ បានបាត់បង់ជីវិត។ នាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតលើការដើរហើររបស់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយអនុញ្ញាតឱ្យមានការជួបជុំគ្នានៅក្នុងផ្ទះដោយមិនបាច់ពាក់ម៉ាស។
ប៉ុន្តែ ពលរដអាមេរិក នៅតែត្រូវបានស្នើឱ្យពាក់ម៉ាសនៅទីសាធារណៈ និងចៀសវាងការធ្វើដំណើរបើសិនមិនចាំបាច់។ ក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងក៏នៅតែត្រូវពាក់ម៉ាសនៅពេលជួបមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង និងចៀសវាការជួបជុំគ្នាដែលមានមនុស្សច្រើន។
បច្ចុប្បន្ន ពលរដ្ឋអាមេរិកជាង 90% មិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយ នេះបើតាមប្រធានាធិបតី Joe Biden។ លោក Biden ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់ CDC ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ទាប់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា