ព្រឹកថ្ងៃទី 8 មីនានេះ វៀតណាមចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាទិភាពរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ រួមមាននៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តហៃហ្សឿង។
ក្រុមមនុស្សដែលស្ថិតក្នុងអាទិភាពដំបូងគេ មានដូចជាក្រុមគ្រូពេទ្យ និងក្រុមមនុស្សដែលធ្វើកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ជាដើម។
វៀតណាម បច្ចុប្បន្នមានវ៉ាក់សាំងបង្ការ Covid-19 AstraZeneca ចំនួន 117,500 ដូស ត្រូវបានផ្គត់ផ្គង់ដល់ខេត្តចំនួន 13 ដែលកំពុងរងផលវិបាកដោយសារ Covid-19 ច្រើនជាងគេ។ ក្រៅពីនេះ មាន 600 ដូស ត្រូវបានប្រើប្រាស់ដើម្បីពិនិត្យគុណភាព។
តាមគម្រោង នៅក្នុងខែមីនានេះ វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន 1.3លានដូសទៀតនៅក្នុងកម្មវិធី Covax Facility។ ចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់គម្រប់ 100 លានដូស។
គិតមកដល់បច្ចុប្បន្ន វៀតណាម មានអ្នកឆ្លង Covid-19 សរុបចំនួន 2,512 នាក់ ក្នុងនោះមាន 1,920 នាក់បានជាសះស្បើយ និង 35 នាក់បានបាត់បង់ជីវិត ខណៈ 553 នាក់កំពុងព្យាបាល៕
ប្រភព៖ VE
ប្រែសម្រួល៖ បុត្រា