សេចក្ដីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលមានចែងអំពីការពិន័យជាប្រាក់ និងដាក់ពន្ធនាគារចំពោះជនល្មើស ត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភាភ្លាមៗដើម្បីពិនិត្យ និងអនុម័ត បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចរាល់ដោយពុំមានសំឡេងជំទាស់។
ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋសភា បានឱ្យដឹងកាលពីម្សិលមិញ (5 មីនា) ថា សេចក្តីព្រាងច្បាប់ខាងលើ ដែលរដ្ឋសភាទទួលបានពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុង ដោយសំឡេងគាំទ្រ «83 លើ 83» នៃសមាជិកសភាដែលចូលរួមប្រជុំ កាលពីថ្ងៃទី 5 មីនា ឆ្នាំ 2021។
ខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់នេះ រួមមាន មាត្រា7, 8, 9 និងមាត្រា13 ដោយបានចែងថា បើបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី 6 ខែ ទៅ 3 ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី 2 លានរៀលទៅ 10 លានរៀល។ បើគេចវេះពីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចប់ពី 1 ឆ្នាំទៅ 5 ឆ្នាំ និងពិន័យជាប្រាក់ពី 5 លានទៅ 20 លានរៀល។ បើគេចវេះពីកន្លែងព្យាបាល ហើយទៅចម្លងដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី 5 ឆ្នាំទៅ 10 ឆ្នាំ ប៉ុន្តែបើរៀបចំចម្លងតាមរយៈជាក្រុម ឬអង្គការចាត់តាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី 10 ឆ្នាំទៅ 20 ឆ្នាំ។
ក្រោយពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី 5 មីនា សេចក្តីព្រាងច្បាប់នេះក៏បានបញ្ជូនទៅព្រឹទ្ធសភារួចហើយ ដើម្បីពិនិត្យ និងអនុម័តបន្ត។ បើសិនជាមិនមានការជំទាស់ពីព្រឹទ្ធសភា នោះព្រឹទ្ធសភានឹងបញ្ជូនទៅកាន់ព្រះមហាក្សត្រពិនិត្យ និងឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ នេះបើតាមឯកឧត្ដម ឡេង ប៉េងឡុង៕