នាយកដ្ឋានគ្រប់គ្រងផលិតផលសុខាភិបាលជាតិរបស់ចិន (NMPA) កាលពីថ្ងៃទី 4 មីនា បានប្រកាសថា បានផ្ដល់ការអនុញ្ញាតឱ្យផលិតផលឱសថបុរាណចិន មានសិទ្ធិលក់ដើម្បីព្យាបាលជំងឺ Covid-19។
យោងតាម CNN ស្ថាប័នខាងលើបានប្រើប្រាស់បែបបទនៃការអនុម័តពិសេសដើម្បី «បើកភ្លើងខៀវ» ឱ្យផលិតផលឱសថបុរាណចិន (TCM/Traditional Chinese Medicine) ដើម្បី «ផ្ដល់ជម្រើសបន្ថែមនៅក្នុងការព្យាបាល Covid-19»។
ផលិតផលឱសថបុរាណខាងលើ សុទ្ធតែជាប្រភេទគ្រាប់ និងមានប្រភពពី «រូបមន្តនៃឱសថបុរាណរបស់ចិន» នេះបើតាមប្រកាសរបស់ NMPA។ ឱសថទាំងនេះត្រូវបានអភិវឌ្ឍពីវិធីសាស្ត្រព្យាបាលបែបបុរាណ ដែលធ្លាប់ត្រូវបានប្រើប្រាស់នៅខេត្ត Hubei ប្រទេសចិន និងត្រូវបានចម្រាញ់ ជ្រើសរើសដោយក្រុមអ្នកសិក្សាស្រាវជ្រាវ និងក្រុមជំនាញនៅជួរមុខ»។
សេចក្ដីប្រកាសខាងលើក៏បានឱ្យដឹងថា ផលិតផលទាំង 3 ប្រភេទដែលទើបទទួលបានការអនុញ្ញាតនេះគឺជា «គ្រាប់សម្អាត និងបណ្ដេញជាតិពុលក្នុងសួត», «គ្រាប់បណ្ដេញជាតិពុល និងទប់ទល់សំណើម» និង «គ្រាប់បន្ថយកំហាប់ (មេរោគ) និងបណ្ដេញជាតិពុលក្នុងសួត»។
សុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថបុរាណនៅក្នុងការព្យាបាល Covid-19 មកដល់បច្ចុប្បន្ន នៅតែត្រូវបានគេជជែកដេញដោលគ្នានៅប្រទេសចិន ជាកន្លែងដែលមានទាំងអ្នកធ្លាប់ប្រើប្រាស់ ទាំងអ្នកសង្ស័យ។
បើទោះជាវិធីសាស្ត្រព្យាបាលជំងឹដោយឱសថបុរាណ ត្រូវបានប្រើប្រាស់រាប់រយឆ្នាំមកហើយក្ដី ប៉ុន្តែក្រុមអ្នករិះគន់មួយចំនួនយល់ថា មិនមានភ័ស្ដុតាងបែបវិទ្យាសាស្ត្រដែលអាចរកឃើញផលប្រយោជន៍ដែលត្រូវបានគេចាត់ទុកថាជារបស់ TCM។
ក្នុងអំឡុងច្រើនឆ្នាំចុងក្រោយនេះ រូបមន្តឱសថបុរាណចិន ត្រូវបានប្រធានាធិបតី Xi Jinping កោតសរសើរជាច្រើនលើកថាជា «មោទកភាពជាតិ»។ លោក Xi Jinping គឺជាអ្នកគាំទ្រវិធីសាស្ត្រព្យាបាលដោយឱសថបុរាណ៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា