នាព្រឹកថ្ងៃទី 4 មីនា ឆ្នាំ 2021 មានជនជាតិចិនម្នាក់បានស្លាប់នៅពេលកំពុងទទួលការព្យាបាលជំងឺ Covid-19 នៅមណ្ឌលព្យាបាល Covid-19 ព្រែកព្នៅ រាជធានីភ្នំពេញ នាំឱ្យមានការព្រួយបារម្ភខ្លាំងពីសំណាក់ពលរដ្ឋ។
អ្នកជំងឺដែលបានស្លាប់ខាងលើ មានឈ្មោះថា ឡាយ ប៊ីនស៊ាង ភេទប្រុស កើតឆ្នាំ 1987។ វីដេអូបង្ហាញអំពីការស្លាប់របស់អ្នកជំងឺនេះ ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម កាលពីព្រលប់ថ្ងៃទី 4 មីនា ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថានភាព Covid-19 នៅកម្ពុជា។
យ៉ាងនេះក្ដី ដើម្បីបញ្ជាក់អំពីមូលហេតុពិតនៃការស្លាប់នេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីប្រកាសមួយបញ្ជាក់ថា នេះមិនមែនជាករណីស្លាប់ដោយសារ Covid-19 នោះទេ ពោលគឺដោយសារការប្រើប្រាស់ថ្នាំញៀន នាំឱ្យគាំងបេះដូង។ ព័ត៌មានលម្អិត សូមអានរបាយការណ៍ដូចមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 4 មីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 909 នាក់ និងជាសះស្បើយចំនួន 484 នាក់ ខណៈ 425 នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ៕