ផែនការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ-19 នៅក្នុងប្រទេសជប៉ុន ត្រូវញ័ររញ្ជួយ ក្រោយពីស្ត្រីវ័យ 60ឆ្នាំម្នាក់ បានស្លាប់ ក្រោយពីបានទទួលវ៉ាក់សាំងរួចហើយ ត្រឹមតែ 3ថ្ងៃ ហើយក្រសួងសុខាភិបាល ត្រៀមនឹងបង់ថ្លៃសំណង បើពិសោធឃើញថា ស្លាប់ដោយសារផលប៉ះពាល់ បណ្ដាលពីវ៉ាក់សាំងមែននោះ។
ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាពរបស់ជប៉ុន បានរាយការណ៍ ពីករណីស្ត្រីវ័យ 60ឆ្នាំម្នាក់ បានស្លាប់ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុនហ្វ៉ៃហ្ស៊ើរ។ ស្ត្រីរូបនោះ បានទទួលវ៉ាក់សាំងកាលពីថ្ងៃទី២៦កុម្ភៈ និងបានស្លាប់នៅថ្ងៃទី1មីនា ដោយសារអាការចេញឈាមនៅក្រោមជាលិកាស្រោបខួរក្បាលស្រទាប់កណ្ដាល។ ស្ត្រីរូបនោះ មិនមានជំងឺប្រចាំកាយទេ និងក៏មិនមានប្រវត្តិ ធ្លាប់កើតប្រតិកម្មចាញ់ថ្នាំដែរ ករណីនេះ គឺជាករណី មានអ្នកស្លាប់ដំបូងគេហើយ ក្រោយពីប្រទេសជប៉ុន ចាប់ផ្ដើមគ្រោងការចាក់វ៉ាក់សាំង ឱ្យធនធានមនុស្សខាងវេជ្ជសាស្ត្រ កាលពីសប្ដាហ៍កន្លងទៅ។
តែយ៉ាងណាក៏ដោយ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មកដល់ខណៈពេលនេះ នៅមិនទាន់អាចបញ្ជាក់បានថា ការស្លាប់នេះ ពាក់ព័ន្ធជាមួយវ៉ាក់សាំង ឬយ៉ាងណានៅឡើយ។
ការយល់ឃើញពីគ្រូពេទ្យ និងអ្នកជំនាញការផ្នែកឱសថសាស្ត្រ ដែលបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលនេះ បានចង្អុលបង្ហាញថា អាការចេញឈាមនៅក្រោមជាលិកាស្រោបខួរក្បាលស្រទាប់កណ្ដាលនេះ ងាយនឹងកើតឡើងណាស់ នៅលើក្រុមមនុស្សអាយុ 40-60ឆ្នាំ ច្រើនតែមានមូលហេតុមកពីអាការសរសៃឈាមប៉ោងធំ និងនៅឯក្រៅប្រទេស ក៏មិនធ្លាប់មានរបាយការណ៍ថា អាការនេះ មានសម្ព័ន្ធនឹងការទទួលវ៉ាក់សាំងការពារវីរុសកូរ៉ូណាដែរ ដូច្នេះហើយ ទើបវាអាចជារឿងចៃដន្យខ្លាំងណាស់ តែយ៉ាងណាក្ដី យើងចាំបាច់ត្រូវតែប្រមូលទិន្នន័យបន្ថែមទៀត ដើម្បីវាយតម្លៃពីសុវត្ថិភាព និងផលប៉ះពាល់បន្ទាប់បន្សំរបស់វ៉ាក់សាំង។
រដ្ឋាភិបាល ធានាបង់សំណង បើស្លាប់ដោយសារវ៉ាក់សាំង
រដ្ឋាភិបាលជប៉ុន មានគោលការណ៍ថា បើអ្នកដែលទទួលវ៉ាក់សាំងកូវីដ ត្រូវស្លាប់ដោយសារផលប៉ះពាល់ ដែលបណ្ដាលពីវ៉ាក់សាំង នឹងសងប្រាក់សំណង ជូនទៅក្រុមគ្រួសារអ្នកស្លាប់ ចំនួន 44លានយ៉េន ឬប្រមាណជាជាង 40ម៉ឺនដុល្លារអាមេរិក ហើយនឹងផ្ដល់ប្រាក់ថ្លៃរៀបចំពិធីបុណ្យសពថែមទៀត 209,000យ៉េន (ជិត 2,000ដុល្លារអាមេរិក)។
ក្រៅពីនេះ បើមានអាការឈឺថ្កាត់ ឬរងផលប៉ះពាល់ខាងសុខភាពដោយសារវ៉ាក់សាំង ក៏នឹងបានទទួលប្រាក់សំណងដូចគ្នាដែរ ដោយចំនួនទឹកប្រាក់ ច្រើន ឬតិច នឹងអាស្រ័យលើករណីនីមួយ។
ទាំងអស់នេះ ប្រទេសជប៉ុន ធ្លាប់មានប្រវត្តិផលប៉ះពាល់ ដោយសារវ៉ាក់សាំងរួចមកហើយជាច្រើនករណី ដែលធ្វើឱ្យរដ្ឋាភិបាល ត្រូវបង់ប្រាក់សំណងទៅឱ្យអ្នកដែលរងផលប៉ះពាល់ខាងសុខភាព រហូតមកដល់បច្ចុប្បន្ននេះ។ មានការធ្វើការស្ទង់មតិ និងបានរកឃើញថា ប្រជាជនជប៉ុនក្នុងចំនួនដ៏ច្រើន នៅតែស្ទាក់ស្ទើរ ក្នុងការទទួលយកវ៉ាក់សាំង ហើយរឹតតែមានព័ត៌មានពីការស្លាប់ ក្រោយបានទទួលវ៉ាក់សាំងផងនោះ រឹតតែធ្វើឱ្យគោលដៅក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាជន ក្នុងចំនួនច្រើនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-19 ឱ្យបានមុន មហាព្រឹត្តការណ៍តូក្យូអូឡាំពិក នៅពាក់កណ្ដាលឆ្នាំនេះ បានក្លាយជាការសាកល្បង ដ៏ធំមួយ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ