គណនី Twitter ផ្លូវការរបស់ Sputnik-V កាលពីថ្ងៃទី 28 កុម្ភៈ បានប្រកាសថា ខ្លួនបានដាក់ពាក្យស្នើចុះបញ្ជីឈ្មោះវ៉ាក់សាំង Sputnik-Light ដើម្បីប្រើប្រាស់ជាបន្ទាន់នៅប្រទេសរុស្ស៊ី និងប្រទេសមួយចំនួនទៀត។ Sputnik-Light គឺជាវ៉ាក់សាំងប្រភេទសាមញ្ញរបស់ Sputnik-V ដោយចាក់តែមួយម្ជុលគត់ជាការស្រេច ហើយអង្គបដិប្រាណនឹងកើតឡើងក្រោយរយៈពេល 1 សប្ដាហ៍ បន្ទាប់ពីបានចាក់។
Alexander Ginzburg ប្រធានមជ្ឈមណ្ឌលសុខាភិបាល Gamalei ដែលជាស្ថាប័នអភិវឌ្ឍវ៉ាក់សាំងនេះ បានសង្កត់ធ្ងន់ថា វ៉ាក់សាំង Sputnik Light នឹងការពាររាងកាយមិនឱ្យឆ្លងវីរុស Covid-19 រយៈពេល 5 ខែ។ ក្រោយពីចាក់វ៉ាក់សាំងនេះបាន 1 សប្ដាហ៍ សមត្ថភាពបង្ការ Covid-19 នឹងចាប់ផ្ដើមកើតឡើង ហើយបរិមាណខ្ពស់បំផុតនៃអង្គបដិប្រាណរបស់វ៉ាក់សាំងនេះ នឹងកើតឡើងក្រោយការចាក់វ៉ាក់សាំងរយៈពេល 4 សប្ដាហ៍។ វ៉ាក់សាំងនេះ តាមគម្រោងនឹងត្រូវចាក់ឱ្យក្រុមគោលដៅដែលមានវ័យក្រោម 30 ឆ្នាំ។
បច្ចុប្បន្ន Gamalei បានចាប់ផ្ដើមធ្វើតេស្ត Sputnik-Light លើមនុស្សដំណាក់កាលពីបី រាប់ចាប់ពីថ្ងៃទី 17 កុម្ភៈ ឆ្នាំ 2021 ដល់ 28 មករា 2022 ដោយមានការស្ម័គ្រចិត្តចូលរួមចំនួន 4,000 នាក់។ ការប្រើប្រាស់សាកល្បងខាងលើនេះ ត្រូវបានធ្វើឡើងនៅបណ្ឌលភាពចំនួន 15 កន្លែង នៅទីក្រុង Moscow, Kaliningrad, Saint Petersburg, Saratov និង Smolensk។ល។
ក៏ប៉ុន្តែ យោងតាមអគ្គនាយកមូលនិធិវិនិយោគផ្ទាល់នៅរុស្ស៊ី Kirill Dmitriv គោលដៅរបស់វ៉ាក់សាំង Sputnik-Light នេះ នោះគឺទីផ្សារបរទេស។
ក្រោយទទួលបានការយល់ព្រមពីអាជ្ញាធរ វ៉ាក់សាំង Sputnik-Light នឹងត្រូវបានចាក់ដំណាលគ្នានឹងវ៉ាក់សាំងប្រភេទចាក់ 2 ម្ជុលផ្សេងទៀតរបស់ប្រទេសរុស្ស៊ី។
មកដល់បច្ចុប្បន្ន រុស្ស៊ីបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 ចំនួន 3 ប្រភេទរួចហើយ ក្នុងនោះមានវ៉ាក់សាំង Sputnik-V, EpiVacCorona និងវ៉ាក់សាំង CoviVac។
ប្រទេសរុស្ស៊ី គិតមកដល់ថ្ងៃត្រង់ទី 1 ខែមីនា 2021 នេះ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 4,246,079 នាក់ ក្នុងនោះមាន 86,122 នាក់បានស្លាប់ និង 348,160 នាក់ កំពុងទទួលការព្យាបាល៕
ប្រភព៖ RT
ប្រែសម្រួល៖ បុត្រា