ថ្ងៃទី 24 កុម្ភៈកន្លងទៅ យន្តហោះដឹកវ៉ាក់សាំងបង្ការ Covid-19 បានមកដល់ប្រទេសវៀតណាម ហើយនេះគឺជាឈុតដំបូងនៃវ៉ាក់សាំងរបស់ AstraZeneca (អង់គ្លេស) ដែលត្រូវបាននាំចូលដោយក្រុមហ៊ុនវៀតណាម VNVC (Vietnam Vaccine Joint Stock Company/VNVC)។
តំណាង VNVC ឱ្យដឹងថា វ៉ាក់សាំងនេះស្ថិតក្នុងកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ 2020 រវាងក្រុមហ៊ុន AstraZeneca និង VNVC។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បច្ចុប្បន្នប្រទេសនេះ និងប្រទេសថៃ គឺជាទឹកដីដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលបានទទួលវ៉ាក់សាំងពី AstraZeneca។
វ៉ាក់សាំងបង្ការ Covid-19 ដែលទើបមកដល់វៀតណាមនេះ មានចំនួន 117,000 ដូស។ ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2021 ក្រសួងសុខាភិបាលវៀតណាម នឹងទទួលបានវ៉ាក់សាំងចំនួន 30 លានដូស ដែលប្រទេសនេះបានបញ្ជាទិញ។ ក្រៅពីនេះ COVAX ដែលជាអង្គការផ្គត់ផ្គង់វ៉ាក់សាំងទូទាំងពិភពលោកប្រកបដោយតម្លាភាព ក្រុមការចាត់ចែងរបស់អង្គការសុខភាពពិភពលោក ក៏នឹងផ្ដល់ជំនួយជាវ៉ាក់សាំង (AstraZeneca) ដល់វៀតណាមចំនួន 4.9 លានដូសផងដែរ នៅក្នុងត្រីមាសទីមួយ និងទីពីរ។ ត្រីមាសទីបី វៀតណាមនឹងទទួលបាន 33 លានដូស។
វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca ដែលមានឈ្មោះថា ChAdOx នេះ ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford។ វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា vector virus ដែលយកវីរុសផ្ដាសាយធំពីសត្វស្វាខ្មៅ Chimpanzee (ឈ្មោះតាមវិទ្យាសាស្ត្រ៖ Pan troglodytes) មកផ្សំ។ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ AstraZeneca ប្រែប្រួលពី 62 ដល់ 90% អាស្រ័យទៅលើបរិមាណនៃវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់៕
ប្រភព៖ VE, CB