ក្រសួងសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី 24 កុម្ភៈ បានឱ្យដឹងថា ប្រទេសនេះកំពុងតែអនុវត្តផែនការផ្ដល់ប័ណ្ណបៃតង (Green Pass) ដល់ពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 រួចរាល់ ដើម្បីឱ្យពួកគេអាចចូលទៅកាន់ទីតាំងលេងកម្សាន្ត ផ្សារទំនើប ព្រមទាំងអាចដើរទេសចរណ៍ និងចូលរួមសកម្មភាពនានាដែលមានមនុស្សច្រើន។ Green Pass នេះមានផ្ទុកទិន្នន័យសម្ងាត់នៅក្នុងកូដ QR ដើម្បីចៀសវាងការក្លែងបន្លំ។
ជាក់ស្ដែង ចាប់ពីថ្ងៃទី 21 កុម្ភៈ អ៊ីស្រាអែល បានចាប់ផ្ដើមអនុញ្ញាតឱ្យទីតាំងផ្ដល់សេវាកម្មសម្រាប់មនុស្សច្រើននាក់ បើកដំណើរការឡើងវិញ ជាមួយនឹងលក្ខខណ្ឌ «អតិថិជនត្រូវតែមានប័ណ្ណបៃតង» មិនដូច្នោះទេ ពួកគេនឹងត្រូវបានបដិសេធ។ យោងតាមស្ថិតិ មកដល់ពេលនេះ អ៊ីស្រាអែលចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានចំនួនជាង 50% ក្នុងនោះមាន 4 លាននាក់ បានចាក់គ្រប់ចំនួន។
បើទោះជាមានការអះអាងអំពីសុវត្ថិភាព ប៉ុន្តែ នៅតែមានពលរដ្ឋជាច្រើនមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំង។ ក្នុងចំណោមអ្នកមិនទាន់បានចាក់វ៉ាក់សាំងដែលត្រូវបានសួរ មានរហូតដល់ 41% ឆ្លើយថា ពួកគេខ្លាចមានបញ្ហាសុខភាពក្រោយពីចាក់វ៉ាក់សាំង ខណៈ 30% មានការសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង និង 25% មិនមានបំណងចាក់វ៉ាក់សាំង។
មុននេះ ប័ណ្ណបៃតង ដែលចេញដោយក្រសួងសុខាភិបាលសម្រាប់ពលរដ្ឋអ៊ីស្រាអែល គ្រាន់តែជាក្រដាសបញ្ជាក់ធម្មតាមួយសន្លឹក ដោយវាមិនមានបំពាក់បច្ចេកវិទ្យាការពារការក្លែងបន្លំនោះទេ ដូច្នេះមានករណីធ្វើប័ណ្ណក្លែងក្លាយរាប់ម៉ឺននាក់បានកើតឡើង មុននឹង Green Pass ថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ នេះបើតាមអ្នកជំនាញផ្នែកការពារសន្តិសុខអ៊ីនធើណិត Ran Bar-Zik។
ឆ្លើយតបនឹងបញ្ហាខាងលើ អ៊ីស្រាអែល ក៏បានចេញប័ណ្ណបញ្ជាក់សុខភាពថ្មីមួយប្រភេទទៀតដែលមានផ្ទុកកូដ QR។ ពលរដ្ឋអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាលដើម្បីរាយការណ៍ ស្នើ និងទាញយកប័ណ្ណនេះមកប្រើប្រាស់។
ក្រោយពីមានកម្មវិធីផ្ដល់ប័ណ្ណ Green Pass រួមនឹងយុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល កំពុងមានក្ដីសង្ឃឹមច្រើនថានឹងអាចបើកដំណើរការសេវាកម្មទេសចរណ៍ វប្បធម៌ កម្សាន្ត និងកីឡា ជាដើមឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គមឱ្យមានប្រក្រតីភាពដូចដំណាក់កាលមុន Covid-19៕
ប្រភព៖ NBCNews
ប្រែសម្រួល៖ បុត្រា