ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយផ្ទាល់នាព្រឹកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធនឹងក្លឹប N8 មកធ្វើតេស្តរកវីរុស Covid-19 ជាបន្ទាន់។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយផ្ទាល់នាព្រឹកថ្ងៃទី 20 កុម្ភៈ ឆ្នាំ 2021 នេះ បានអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការការពារការឆ្លងវីរុស Covid-19 ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន 32 នាក់ នៅក្នុងសហគមន៍ដែលត្រូវបានដាក់ឈ្មោះឱ្យថា «ព្រឹត្តិការណ៍ 20 កុម្ភៈ»។
នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយផ្ទាល់ខាងលើ ទន្ទឹមនឹងការណែនាំឱ្យពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ Covid-19 សម្ដេចតេជោ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប កុំរើសអើងចំពោះពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ដោយសារ «ព្រឹត្តិការណ៍ 20 កុម្ភៈ» ផងដែរ។
ក្រៅពីនេះ សម្រាប់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងក្លឹប N8 (ជាទីតាំងដែលនាំឱ្យមានព្រឹត្តិការណ៍20កុម្ភៈ) ដែលស្ថិតនៅជិតស្តាតអូឡាំពិក សម្ដេច ក៏បានអំពាវនាវឱ្យមកសហការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តជាបន្ទាន់ ក្នុងបំណងទប់ស្កាត់ទាន់ពេលវេលានូវការឆ្លងបន្តទៅកាន់មនុស្សនៅជុំវិញ៕