ជាមួយនឹងការរីកចម្រើនផ្នែកស្រាវជ្រាវ និងការធ្វើតេស្តវ៉ាក់សាំងយ៉ាងលឿនដូចបច្ចុប្បន្ន ក្រុមមន្ត្រីមានសមត្ថកិច្ចរបស់វៀតណាមរំពឹងថា ចាប់ពីខែឧសភា 2021 វ៉ាក់សាំងនានាដែលត្រូវបានផលិតនៅវៀតណាម នឹងអាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសនេះ។
ទាក់ទងនឹងលទ្ធផលនៃការប្រើប្រាស់សាកល្បង ឬការពិសោធលើវ៉ាក់សាំង Nano Covax នៃក្រុមហ៊ុន Nanogen លោកវេជ្ជបណ្ឌិត Nguyen Ngo Quang ដែលជាអនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្ដុះបណ្ដាលរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងដំណាក់កាលទីមួយ វ៉ាក់សាំងនេះមានសុវត្ថិភាព។ ជាមួយនឹងការចាក់បីលើក៖ 25 mcg, 50 mcg និង 75 mcg វ៉ាក់សាំងនេះសុទ្ធតែបង្កើតប្រព័ន្ធការពាររាងកាយបានល្អ ក្នុងនោះអត្រានៃការបង្កើតអង្គបដិប្រាណ (សមត្ថភាពការពាររាងកាយរបស់អ្នកដែលបានចាក់វ៉ាក់សាំងមិនឱ្យឆ្លង Covid-19) បានឡើងដល់ 90%។
នាព្រឹកនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រសួងសុខាភិបាលវៀតណាម នឹងមានកិច្ចប្រជុំចុងក្រោយមួយ មុនពេលសម្រេចថា គួរឱ្យ Nano Covax ពិសោធន៍លើមនុស្សដំណាក់ទីពីរដែរ ឬយ៉ាងណា។
វេជ្ជបណ្ឌិត Ngo Quang បញ្ជាក់ថា ក្រុមហ៊ុន Nanogen មានលទ្ធភាពផលិតវ៉ាក់សាំង Covid-19 ចំនួន 70 លានដូស/ឆ្នាំ។ ចំណែកវិទ្យាស្ថាន IVAC បើសិនជាត្រូវបានវិនិយោគ ក៏នឹងអាចផលិតបាន 30 លានដូស/ឆ្នាំផងដែរ។ ជាមួយនឹងល្បឿននៃការអភិវឌ្ឍ និងផលិតភាពដូចបច្ចុប្បន្ន វៀតណាមត្រូវការពេលចំនួន 2 ខែទៀតដើម្បីបញ្ចប់ការពិសោធលើមនុស្សក្នុងដំណាក់កាលទីពីរ។
លោក Ngo Quang បន្ថែមទៀតថា ដល់ខែមេសា ឆ្នាំ 2021 ការពិសោធលើមនុស្សដំណាក់ទី 2 នឹងត្រូវបញ្ចប់ ហើយនិងមានការវាយតម្លៃដោយសុក្រឹតភាពជាងមុនទាក់ទងនឹងបរិមាណសមស្របបំផុតសម្រាប់ការចាក់វ៉ាក់សាំងនេះ។ ឈានចូលដល់ខែឧសភា ឆ្នាំ 2021 នៅក្នុងការពិសោធលើមនុស្សដំណាក់កាលទីបី វ៉ាក់សាំងរបស់វៀតណាមនឹងអាចយកទៅចាក់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍នៃប្រទេសនេះ។
អំពីការនាំចូលវ៉ាក់សាំង Covid-19 ពីបរទេស ក្រសួងសុខាភិបាលវៀតណាម បានអនុញ្ញាតឱ្យក្រុមហ៊ុន AstraZeneca ប្រចាំវៀតណាម នាំចូលវ៉ាក់សាំង 204,000 ដូស ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការ។ តាមផែនការដែលបានព្រមព្រៀង វ៉ាក់សាំង AstraZeneca នឹងមកដល់វៀតណាម នៅថ្ងៃទី 28 កុម្ភៈ ឆ្នាំ 2021។
ក្រៅពីបរិមាណនៃវ៉ាក់សាំងខាងលើ វៀតណាមក៏នឹងទទួលបានវ៉ាក់សាំងរបស់ COVAX Facility ប្រមាណ 4.88 លានដូសផងដែរ ដែលនឹងមកដល់នាពេលខាងមុខ។ ដូច្នេះ ដំណាក់កាលដំបូង វៀតណាម នឹងមានវ៉ាក់សាំងប្រហែលជាង 5 លានដូស ដើម្បីចាក់ឱ្យពលរដ្ឋជាង 5 លាននាក់៕
ប្រភព៖ NLD