រដ្ឋាភិបាលរបស់លោក Joe Biden នឹងផ្ដល់ជំនួយចំនួន 4 ពាន់លានដុល្លារដល់កម្មវិធីផ្គត់ផ្គង់វ៉ាក់សាំង COVAX ដោយសង្ឃឹមថា ប្រទេសដទៃនឹងមានការរួមចំណែកផ្ដល់វិភាគទានប្រហាក់ប្រហែលនេះ។
ប្រធានាធិបតីអាមេរិក Joe Biden បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំដំបូងជាមួយនឹងក្រុមមេដឹកនាំនៃប្រទេស G7 នាថ្ងៃទី 19 កុម្ភៈនេះ នឹងប្រកាសអំពីខ្ទង់ជំនួយ 2 ពាន់លានដុល្លារភ្លាមៗ ដល់ COVAX ដែលជាកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ គោលដៅរបស់ COVAX គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ប្រកបដោយយុត្តិធម៌នៅទូទាំងពិភពលោក។ ទឹកប្រាក់ជំនួយចំនួន 2 ពាន់លានដុល្លារទៀតរបស់សហរដ្ឋអាមេរិក នឹងត្រូវទូទាត់នៅក្នុងអំឡុងពីរឆ្នាំទៀត ក្រោយពីប្រទេសផ្សេងៗសម្រេចចិត្ត និងលើកឡើងនូវការសន្យាផ្គល់ជំនួយរៀងៗខ្លួនរបស់ពួកគេ។
«យើងមានបំណងប្រែក្លាយ 2 ពាន់លានដុល្លារ ឱ្យទៅជាច្រើនពាន់លានដុល្លារអាមេរិក ពោលគឺយ៉ាងហោចក៏ 15 ពាន់លានដុល្លារអាមេរិក» មន្ត្រីអាមេរិកាំងម្នាក់បានថ្លែងដូច្នេះ។ ខ្ទង់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានសភាអនុម័តយល់ព្រមរួចហើយ។
សកម្មភាពរបស់ប្រធានាធិបតី Biden គឺផ្ទុយពីអតីតប្រធានាធិបតី Donald Trump។ លោក Trump ធ្លាប់បានគំរាមថានឹងដកអាមេរិកចេញពី WHO ជាអង្គការដែលលោកចោទប្រកាន់ថា ជាអាយ៉ងរបស់ចិន។
COVAX បានកំណត់គោលដៅហើយថា នឹងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 យ៉ាងតិចចំនួនពីរពាន់លានដូស នៅចុងឆ្នាំ 2021 សម្រាប់ពលរដ្ឋងាយឆ្លងវីរុសចំនួន 20% នៃបណ្ដាប្រទេសក្រីក្រ និងប្រទេសមានចំណូលទាប។ កម្មវិធីនេះ កំពុងប្រឈមមុខនឹងហានិភ័យនៃការដួលរលំ ដោយសារតែបញ្ហាខ្វះហិរញ្ញវត្ថុ៕
ប្រភព៖ Reuters