ការពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័ក ត្រូវបានបង្កើនទម្ងន់បន្ថែមទៀតនៅក្នុងអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបបានចេញកាលពីពេលថ្មីៗនេះ។
ក្នុងនោះ អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2015 ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកព្រំដែនរបស់កម្ពុជា នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី 1 លានរៀល ទៅ 5 លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
អនុក្រឹត្យថ្មីបន្ថែមថា ចំពោះជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ ជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចពីការអនុវត្តវិធានការ ចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី 10 លានរៀល ទៅ 50 លានរៀល។ ការពិន័យទាំងនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។
ក្រុមមន្ត្រីចត្តាឡីស័ក នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបដិសេធការចេញ-ចូលប្រទេសកម្ពុជារបស់អ្នកដំណើរ បើសិនពួកគេមិនព្រមអនុវត្តតាមបទប្បញ្ញត្តិរបស់អនុក្រឹត្យខាងលើ។
អនុក្រឹត្យថ្មីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានបញ្ជាទៅក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ រួមនឹងក្រុមប្រឹក្សាអ្នកច្បាប់ឱ្យធ្វើវិសោធនកម្ម«អនុក្រឹត្យលេខ 129 ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល» របស់កម្ពុជា ដែលការបញ្ជានេះ ធ្វើឡើងតាមរយៈការផ្ញើសារជាសំឡេង កាលពីថ្ងៃទី 15 កុម្ភៈ ឆ្នាំ 2021៕