ប្រទេសអង់គ្លេសនឹងអនុញ្ញាតឱ្យក្រុមអ្នកស្ម័គ្រចិត្ត ប៉ះពាល់នឹង Covid-19 ដើម្បីសិក្សាស្រាវជ្រាវបន្ថែមអំពីវីរុស បន្ទាប់ពីនាយកដ្ឋានសិលធម៌ផ្នែកវេជ្ជសាស្ត្រប្រទេសនេះ បើកភ្លើងខៀវ។
កាលពីថ្ងៃទី 17 កុម្ភៈ អង់គ្លេសបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពប៉ះពាល់នឹង Covid-19 ដើម្បីជួយដល់ការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រអំពីរោគរាតត្បាត។ ការពិសោធនេះនឹងធ្វើឡើងនៅមួយខែទៀត ក្នុងនោះ អ្នកស្ម័គ្រចិត្តចំនួន 90 នាក់ ដែលមានសុខភាពល្អ និងមានអាយុចាប់ពី 18-30 ឆ្នាំ នឹងប៉ះពាល់វីរុស Covid-19 នៅក្នុងបរិស្ថានដែលត្រូវបានគ្រប់គ្រង នេះបើតាមសេចក្ដីប្រកាសមួយចុះផ្សាយកាលពីថ្ងៃទី 17 កុម្ភៈ របស់នាយកដ្ឋានសម្រាប់អាជីវកម្ម ថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មអង់គ្លេស (Department for Business, Energy and Industrial Strategy)។
ការពិសោធខាងលើនេះគឺដើម្បីឱ្យដឹងច្បាស់ថា វីរុស Covid-19 ត្រូវមានបរិមាណកម្រិតណាទើបអាចចម្លងបាន និងដើម្បីស្វែងយល់អំពីប្រតិកម្មនៃប្រព័ន្ធការពាររាងកាយ ក៏ដូចជាវិធីដែលវីរុសអាចចម្លងពីមនុស្សទៅមនុស្ស។ ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍវ៉ាក់សាំង ក៏ដូចជាវិធីព្យាបាលដ៏សមស្រប។ នេះបើតាម Chris Chiu ប្រធានក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យក្រុងឡុងដ៍ (University of London) នៃចក្រភពអង់គ្លេស។
ក្រុមអ្នកស្ម័គ្រចិត្តនឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រ។ ក្រុមអ្នកទទួលខុសត្រូវលើការពិសោធនេះ និយាយថា វីរុស Covid-19 ដែលពួកគេយកមកធ្វើការពិសោធលើកនេះ មិនមែនជាវីរុសក្លាយពូជថ្មីនៅអង់គ្លេសនោះទេ ប៉ុន្តែវាជាវីរុស Covid-19 ទម្រង់ដើមកាលពីឆ្នាំ 2020។ រដ្ឋាភិបាលអង់គ្លេស ផ្ដល់ប្រាក់ជំនួយចំនួន 46.6 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិសោធន៍នេះ។ អ្នកដែលចង់ចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត អាចចុះឈ្មោះបានតាមរយៈគេហទំព័រ UK Covid Challenge ។
នៅប្រទេសអង់គ្លេស គិតមកដល់ព្រឹកថ្ងៃទី 18 កុម្ភៈ ឆ្នាំ 2021 នេះ អ្នកវិជ្ជមាននឹង Covid-19 បានកើនដល់ 4,071,185 នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ 118,933 នាក់ និងអ្នកកំពុងផ្ទុកវីរុស ចំនួន 1,669,549 នាក់ ដែលក្នុងនេះដែរ មាន 2,708 នាក់ អាចនឹងបាត់បង់ជីវិតដោយសារមានអាការធ្ងន់ធ្ងរ៕
ប្រភព៖ AFP