ជប៉ុន ចាប់ផ្ដើមគ្រោងការវ៉ាក់សាំង-19 ហើយ នៅថ្ងៃពុធ (ទី17កុម្ភៈ)ម្សិលមិញ ដោយការចាក់វ៉ាក់សាំងរបស់ហ្វ៉ៃហ្ស៊ើរ ឱ្យបណ្ដាបុគ្គលិករបស់មន្ទីរពេទ្យតូក្យូ ខណៈដែលលោកនាយករដ្ឋមន្ត្រី យ៉ូឈិហ៊ីដេ ស៊ូង៉ៈ ព្យាយាមយកឈ្នះលើស្ថានការណ៍ការឆ្លងរាលដាល មុនពេលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក ក្នុងរដូវក្ដៅនេះ។
ស្ថានីយទូរទស្សន៍ក្នុងតំបន់ បានផ្សព្វផ្សាយ រូបភាពបណ្ដាបុគ្គលិករបស់មន្ទីរពេទ្យ ដែលកំពុងចូលទទួលការចាក់វ៉ាក់សាំង ដោយពួកគេ គឺជាមនុស្ស
1ក្រុម ក្នុងចំណោមធនធានមនុស្សផ្នែកសុខាភិបាល 40,000នាក់ ដែលជាគោលដៅ ក្នុងការបានទទួលវ៉ាក់សាំងកូវីដ-19 ដំបូងៗគេ។
ការចាក់វ៉ាក់សាំងកូវីដ-19 ឱ្យប្រជាជន 126លាននាក់ របស់ប្រទេសជប៉ុនយ៉ាងឆាប់រហ័ស បានក្លាយជាគោលដៅសំខាន់ខ្លាំងបំផុត របស់រដ្ឋបាលលោកនាយករដ្ឋមន្ត្រី ស៊ូង៉ៈ ដោយសារតែព្រឹត្តិការណ៍អូឡាំពិក ហ្គេមស៍ ដែលទីក្រុងតូក្យូ ធ្វើជាម្ចាស់ផ្ទះ នឹងមានកំណត់ចាប់ផ្ដើមឡើង ក្នុងអំឡុងចុងខែកក្កដា ក្រោយពីបានពន្យារពេលកាលពីឆ្នាំទៅ។
ទោះជាដូច្នេះមែន ទម្រាំតែគ្រោងការចាក់វ៉ាក់សាំងឱ្យប្រជាជន នឹងរួចរាល់ស្រេចបាច់ និងចប់ជាស្ថាពរ គេសន្និដ្ឋានថា ប្រហែលជាត្រូវប្រើពេលវេលាយូរដល់ទៅរាប់ឆ្នាំ ដោយក្នុងរយៈពេលដំបូងៗ គឺជាការចាក់ឱ្យធនធានមនុស្សខាងសុខាភិបាល ប្រមាណជា 3.7លាននាក់ និងមនុស្សចាស់ អាយុ 65ឆ្នាំឡើងទៅ ប្រមាណជា 36លាននាក់។
តែយ៉ាងណាក៏ដោយ ប្រទេសជប៉ុន អាចជួបប្រទះនឹងបញ្ហារអាក់រអួលមួយចំនួន ដោយសារមានក្ដីកង្វល់ថា អាចនឹងខាតបង់ដោយឥតប្រយោជន៍ នូវវ៉ាក់សាំងរបស់ហ្វៃហ្ស៊ើរ ចំនួនច្រើនលានដូស ដោយសារតែខ្វះខាតសេរ៉ាំង និងម្ជុលចាក់ថ្នាំ ដែលចាំបាច់សម្រាប់ការបែងចែកវ៉ាក់សាំងផ្ទុកក្នុងដប ចេញជាដូសនីមួយ។
កាលពីអំឡុងចុងខែមករា មានរបាយការណ៍ថា ហ្វ៉ៃហ្ស៊ើរ បានពិចារណាកែសម្រួល បរិមាត្រការប្រើវ៉ាក់សាំងផ្ទុកក្នុងដប ដែលពីមុន ឱ្យចាក់បាន ក្នុង 1ដប 5ដូស មកជា 6ដូស និងចាំបាច់ត្រូវប្រើម្ជុលចាក់ថ្នាំថ្មី ដើម្បីឱ្យត្រូវគ្នាទៀតផងដែរ។
កាលពីមុនពេលនេះ វ៉ាក់សាំងដែលហ្វ៉ៃហ្ស៊ើរ អភិវឌ្ឍរួមជាមួយ បៃអូអេនថេក ត្រូវបានបញ្ជាក់ជាផ្លូវការថា ចាក់បាន 5ដូស ក្នុង 1ដប ដោយនៅពេលដែលត្រូវធ្វើឱ្យរលាយហើយ ក្នុងដបនីមួយៗ នឹងត្រូវបន្សាបដោយទឹកសេរ៉ូម ក្នុងបរិមាត្រ 1.8មីល្លីលិត្រ ធ្វើឱ្យវ៉ាក់សាំង ក្រោយពេលផ្សំរួច មានបរិមាត្រ 2.25មីល្លីលិត្រ និងបែងចែកចាក់ ក្នុង 1ដូស 0.3មីល្លីលិត្រ ដែលក្នុងខាងទ្រឹស្ដីវិញ អាចចាក់បានលើស 7ដូសឯណោះ។
តែទ្រឹស្ដី ជាមួយការប្រតិបត្តិ វាខុសប្លែកពីគ្នា ព្រោះបុគ្គលិកសុខាភិបាល មិនអាចគណនាបរិមាត្រថ្នាំ បានយ៉ាងត្រូវចំប៉ាច់ៗ ក្នុងការធ្វើឱ្យគ្រប់ 7ដូសដើម្បីចាក់ឱ្យបានគ្រប់ចំនួនមនុស្សឡើយ និងទោះជាដូច្នេះមែន បើសិនជាមានឧបករណ៍ដែលស័ក្តិសម ពួកគេអាចចាក់បានក្នុងចំនួន 6ដង ដោយបរិមាណដែលគួរឱ្យជឿជាក់បាន។
ប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចសន្យាផ្សេងៗ សម្រាប់ការបញ្ជាទិញវ៉ាក់សាំងកូវីដ-19 សរុបទាំងអស់ជាង 314លានដូស ពីហ្វ៉ៃហ្ស៊ើរ, អ៊ែស្ត្រាហ្សេនេកា និងម៉ូឌើណា ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន 157លាននាក់ ក្នុងខណៈដែលរហូតមកដល់ពេលនេះ ជប៉ុនរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ប្រមាណជា 451,000នាក់ ក្នុងនោះមានស្លាប់ 7.013នាក់រួចហើយ។
ទោះជាករណីអ្នកឆ្លងមេរោគប្រចាំថ្ងៃ បានថយចុះក្នុងអំឡុងច្រើនសប្ដាហ៍កន្លងមក ក្រោយពីហក់ឡើងខ្ពស់បំផុត កាលពីអំឡុងដើមខែមករាក្ដី តែក្រុងតូក្យូ និងខេត្តផ្សេងៗ 9កន្លែងទៀត នៅតែស្ថិតក្រោមការប្រកាសស្ថានការណ៍អាសន្ន ដើម្បីការពារការផ្ទុះឡើងជាថ្មីរបស់ជំងឺរាតត្បាតដ៏ធំនេះដដែល៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ/អេជេនស៊ី
ប្រែ និងសម្រួលដោយ តាវ៉ែនតា