លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយរបស់គណិតវិទូជនជាតិអង់គ្លេស បានបង្ហាញថា «គេអាចយកវីរុស Covid-19 ទាំងអស់ដែលកំពុងមានវត្តមាននៅទូទាំងពិភពលោក មកដាក់ចូលគ្នាបានមួយកំប៉ុងទឹកក្រូចមានហ្កាស ចំណុះ 330 មិល្លីលីត្រ»។
យោងតាមសារព័ត៌មាន Independent បណ្ឌិត Kit Yates សាស្ត្រាចារ្យផ្នែកគណិតវិទ្យាប្រចាំសាកលវិទ្យាល័យ Bath (អង់គ្លេស) ត្រូវបានស្នើឱ្យគណនាលើទំហំសរុបនៃវីរុស Covid-19 ដែលកំពុងមានវត្តមាននៅលើពិភពលោកទាំងមូល។ សាស្ត្រាចារ្យរូបនេះ ឱ្យដឹងថា វីរុស Covid-19 ចំនួនប្រហែល ពីរលានលានលាន/ពីររយកោដិកោដិ (2,000,000,000,000,000,000) កូន កំពុង «រស់» នៅលើភពផែនដី។
ដើម្បីជាឧទាហរណ៍ លោកបណ្ឌិត Yates បានបកស្រាយថា លោកបានរកឃើញប្រវែងអង្កត់ផ្ចិតមធ្យមរបស់វីរុស Covid-19 មួយគ្រាប់ ដោយមានប្រវែងប្រហែល 100 nanomet ពោលគឺស្មើនឹង 1/100 ពាន់លានម៉ែត្រ។ ក្រោយមក លោកបន្តគណនាលើទំហំរបស់គ្រាប់វីរុសក្នុងទម្រង់ជារាងមូល។
លោកសាស្ត្រាចារ្យបន្ថែមថា សូម្បីតែគណនាទាំងប្រូតេអ៊ីនដែលស្ថិតនៅចន្លោះនៃបណ្ដាគ្រាប់វីរុស Covid-19 (ជាក់ស្ដែងគឺថា បណ្ដាគ្រាប់វីរុសរាងមូលនឹងបន្សល់ទុកចន្លោះប្រហោងពេលត្រូវបានដាក់លើគ្នា) ក៏ទំហំសរុបរបស់វីរុសទាំងអស់នោះ នៅតែតូច ឬតិចជាងភេសជ្ជមានហ្គាសមួយកំប៉ុងដែលមានចំណុះ 330 មិល្លីលីត្រ។
លោកបណ្ឌិតថ្លែងថា៖ «ពិតជាគួរឱ្យភ្ញាក់ផ្អើល នៅពេលគេគិតថា រាល់ការខូចខាត និងការបាត់បង់ជីវិតមនុស្ស ដែលបានកើតឡើងកាលពីឆ្នាំកន្លងទៅដោយសារតែ Covid-19 គឺអាចដាក់បានតែមួយកំប៉ុងយ៉ាងដូច្នេះសោះ។ ប្រាកដណាស់ វានឹងក្លាយជាភេសជ្ជដ៏មហាសែនអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ»។
លទ្ធផលនៃការគណនារបស់លោក Yates បានបញ្ជាក់ថា បើទោះជាវីរុស Covid-19 មានទំហំមហាសែនតូចក៏ពិតមែន ប៉ុន្តែ ពួកវាមានអំណាចយ៉ាងខ្លាំងក្លា អាចបង្កវិនាសកម្មមហាធំធេងនៅទូទាំងពិភពលោក។
គិតមកដល់រសៀលថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2021 វីរុស Covid-19 បានសម្លាប់មនុស្សជាង 2,420,000 នាក់ និងកំពុងបង្កជំងឺដល់មនុស្សចំនួនជាង 22,866,000 នាក់ផ្សេងទៀត នៅក្នុងចំណោមមនុស្សជាង 109,715,000 នាក់ ដែលបានឆ្លងវីរុសនេះ៕
ប្រភព៖ Independent