ការផ្ដល់ជូនដោយមិនគិតថ្លៃនូវឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 នេះ នឹងជួយឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើតេស្តដោយខ្លួនឯង និងមិនបាច់ព្រួយចិត្តក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ក៏ដូចជាការបារម្ភអំពីហានិភ័យនៃការឆ្លងវីរុសនៅក្នុងសហគមន៍ ពិសេសគឺចំពោះមនុស្សវ័យចំណាស់។
រដ្ឋាភិបាលប្រទេសអូទ្រីស បានឱ្យដឹងថា ការចែកជូនឧបករណ៍ធ្វើតេស្តនេះនឹងចាប់ផ្ដើមពីខែមីនាខាងមុខ ពោលគឺចាប់ពីថ្ងៃទី 1 ខែមីនា ពលរដ្ឋគ្រប់រូបនៅប្រទេសនេះនឹងទទួលបានឧបករណ៍ធ្វើតេស្ត PCR ចំនួន 5 ឈុត ឬអង់ទីក័រ ជារៀងរាល់ខែ ដើម្បីទុកសម្រាប់ធ្វើតេស្តរកវីរុស Covid-19 ដោយខ្លួនឯង។
បច្ចុប្បន្ន កម្មវិធីខាងលើនេះ ទើបតែចាប់ផ្ដើមអនុវត្តចំពោះតែមនុស្សពេញវ័យប៉ុណ្ណោះ ប៉ុន្តែ រដ្ឋាភិបាលក៏កំពុងតែពិចារណាអំពីលទ្ធភាពផ្ដល់ជូនដល់ក្រុមគោលដៅជាកុមារផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអូទ្រីស លោក Rudolf Anschober បាមឱ្យដឹងថា ការធ្វើតេស្តគឺជាវិធានការសំខាន់បំផុតដើម្បីទប់ស្កាត់ការឆ្លងរបស់វីរុស។
ក្នុងសប្ដាហ៍កន្លងទៅ ការធ្វើតេស្ត PCR ចំនួនជាង 3 លានដង និងការផ្ដល់ជូនអង់ទីក័រប្រមាណ 520,000 លើក ត្រូវបានធ្វើឡើងនៅប្រទេសអូទ្រីស។ ក្រៅពីពន្លឿនការធ្វើតេស្តរកវីរុស Covid-19 ប្រទេសអូទ្រីសក៏កំពុងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើយុទ្ធនាការចាក់វ៉ាក់សាំងការពារផងដែរ។ បច្ចុប្បន្ន ពលរដ្ឋនៃប្រទេសនេះប្រមាណជា 387,000 នាក់ ត្រូវបានចាក់វ៉ាក់សាំង ក្នុងនោះមានប្រមាណជា 150,000 នាក់ បានចាក់វ៉ាក់សាំងលើកទីពីរ៕