នាព្រឹកថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ Covid-19 ចំនួន ដោយប្រើប្រាស់វ៉ាក់សាំង 600,000 ដូសរបស់ក្រុមហ៊ុន Sinopharm ដែលជាជំនួយពីប្រទេសចិន។
ក្រុមឥស្សរជនអាទិភាពដែលត្រូវបានចាក់វ៉ាក់សាំង Covid-19 ដំបូងគេនៅកម្ពុជា រួមមានកូនរបស់សម្ដេចតោជោ ហ៊ុន សែន និងក្រុមរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា ដំបូងឡើយបានប្រកាសថា នឹងជាអ្នកដំបូងគេដែលត្រូវបានចាក់វ៉ាក់សាំងរបស់ចិននេះ ក៏ប៉ុន្តែ ក្រោយមកក៏បានបញ្ជាក់ថា សម្ដេច មានអាយុ 68 ឆ្នាំហើយ ដូច្នេះគឺលើសពីការកំណត់នៃវ៉ាក់សាំងប្រឆាំង Covid-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm។
នៅឯមន្ទីរពេទ្យកាល់ម៉ែតនារាជធានីភ្នំពេញ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកនេះ បានឱ្យដឹងថា លោកមានការជឿជាក់ជាងមុន ព្រោះតែមានប្រព័ន្ធការពាររាងកាយដែលអាចទប់ទល់នឹង Covid-19។
យ៉ាងនេះក្ដី លោកបណ្ឌិត ម៉ាណែត ត្រូវបានក្រុមវេជ្ជបណ្ឌិតណែនាំថា មិនគួរទទួលទានអាហារសមុទ្រ និងគ្រឿងស្រវឹងនោះទេ ក្រោយពីបានចាក់វ៉ាក់សាំងនេះ។
សូមរំលឹកថា វ៉ាក់សាំងចំនួន 600,000 ដូស ដែលជាជំនួយពីប្រទេសចិននេះ ត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី 7 កុម្ភៈ តាមជើងហោះហើរពិសេសមួយ។ ប្រទេសចិន មុននេះបានសន្យាថានឹងផ្ដល់វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Sinopharm ចំនួន 1 លានដូសមកឱ្យកម្ពុជា ដែលនេះគឺគ្រប់គ្រាន់សម្រាប់ចាក់ឱ្យមនុស្សចំនួន 500,000 នាក់។
កម្ពុជា មកដល់បច្ចុប្បន្ន ទទួលបានជោគជ័យច្រើនក្នុងការទប់ស្កាត់ និងព្យាបាលជំងឺរលាកសួតដែលបង្កឡើងដោយវីរុស Covid-19។ នៅទូទាំងប្រទេស គិតមកដល់ព្រឹកនេះ បានរកឃើញអ្នកវិជ្ជមាននឹងវីរុសនេះសរុបចំនួន 478 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 457 នាក់ ខណៈ 21 នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា៕