Skip to content

WHO ការពារ​វ៉ាក់សាំង Covid-19 របស់ AstraZeneca ក្រោយ​អាហ្វ្រិក​ខាង​ត្បូង​ផ្អាក​ប្រើ​ប្រាស់​

វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស AstraZeneca សហការ​ជាមួយ​សាកល​វិទ្យា Oxford នៅតែ​ជា​អាវុធ​សំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​វីរុស​នាពេល​បច្ចុប្បន្ន។

មេដឹកនាំ​នៃ​សម្ព័ន្ធ​ច្នៃប្រឌិត​ទប់​ទល់នឹង​រោគរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations) នៃ​អង្គការសហប្រជាជាតិ (WHO) បាន​អះអាង​ដូចខាងលើ​កាលពី​ថ្ងៃទី 8 កុម្ភៈ បន្ទាប់ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​សម្រេច​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង Covid-19 របស់ AstraZeneca ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​នៅ​ចំពោះ​មុខការ​ក្លាយ​ពូជ​របស់ Covid-19 ដែល​បច្ចុប្បន្ន​បាន​កើនឡើង​ដល់ 80% នៃ​ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ។

លោក Richard Hatchett និយាយថា វា​ឆាប់រហ័ស​ពេក​ក្នុង​ការបំបាត់​វ៉ាក់សាំង​របស់ AstraZeneca ហើយ​វា​នៅតែ​ជា​ឧបករណ៍​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​វីរុស Covid-19។ មុននេះ ក្រុមមន្ត្រី​នៃ​ប្រទេស​មួយចំនួន ដូចជា អូស្ត្រាលី និង​អង់គ្លេស​ក៏​ធ្លាប់បាន​មានមតិ​ការពារ​វ៉ាក់សាំង AstraZeneca នេះដែរ។ ចំណែក​ភាគី​ក្រុមហ៊ុន AstraZeneca បាន​អះអាងថា វ៉ាក់សាំង​របស់​ពួកគេ ធានា​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង Covid-19 ទន្ទឹមនឹង​ការបញ្ជា​ក់ថា ក្រុមហ៊ុន​កំពុងតែ​កែសម្រួល​វ៉ាក់សាំង​នេះ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី នៅ​អាហ្វ្រិក​ខាងត្បូង។

វ៉ាក់សាំង​របស់ AstraZeneca កាន់កាប់​មួយ​ភាគ​ធំ​នៅក្នុង​កម្មវិធី COVAX ដែលជា​យន្តការ​យុត្តិធម៌​មួយ​ដែល​នឹង​បែងចែក​វ៉ាក់សាំង Covid-19 ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ។ បច្ចុប្បន្ន WHO និង UN (អង្គការសហប្រជាជាតិ) កំពុង​សហការគ្នា​បែងចែក​វ៉ាក់សាំង​សរុប 337.21 លាន​ដូ​ស ទៅឱ្យ​ប្រទេស​ចំនួន 145 នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2021 ក្នុង​ក្របខ័ណ្ឌ COVAX។

អាហ្វ្រិក​ខាងត្បូង ដែលជា​ប្រទេស​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី Covid-19 នៅ​អាហ្វ្រិក​ខាងត្បូង គ្រោង​នឹង​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ដោយ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ប៉ុន្តែ ប្រទេស​ដែលមាន​វ៉ាក់សាំង Covid-19 ចំនួន 1.5 លាន​ដូ​ស​ក្នុង​ដៃ​នេះ បានសម្រេច​ចិត្ត​ផ្អាក​យុទ្ធនា​ការចាក់​វ៉ា​ក់សាង​ទៅវិញ ដោយសារ​ទិន្នន័យ​ដែល​ប្រមូលបាន​បង្ហាញថា វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធភាព​តិចតួច​ចំពោះ​វីរុស Covid-19 ក្លាយ​ពូជ​នៅ​ប្រទេស​នេះ៕

ប្រភព៖ WSJ

Leave a Reply

Your email address will not be published. Required fields are marked *