តំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ លោក Ron Wright វ័យ 67 ឆ្នាំ បានបាត់បង់ជីវិតនៅពេលកំពុងព្យាបាល Covid-19 ដែលនេះគឺជាតំណាងរាស្ត្រកំពុងកាន់តំណែងដំបូងគេដែលស្លាប់ដោយសារវីរុស Covid-19 នៅសហរដ្ឋអាមេរិក។
ការិយាល័យរបស់លោក Wright តំណាងរាស្ត្រមកពីរដ្ឋ Texas បានឱ្យដឹងថា តំណាងរាស្ត្ររូបនេះបានទទួលមរណភាពកាលពីថ្ងៃទី 7 កុម្ភៈ នៅមន្ទីរពេទ្យក្នុងក្រុង Dallas ជាកន្លែងដែលលោក និងភរិយាកំពុងទទួលការព្យាបាលជំងឺ Covid-19។
លោក Wright កាលពីថ្ងៃទី 27 មករា បានប្រកាសថា លោកទទួលបានលទ្ធផលវិជ្ជមាននឹង Covid-19 ប៉ុន្តែមានរោគសញ្ញាស្រាលប៉ុណ្ណោះ។ យ៉ាងនេះក្ដី ស្ថានភាពរបស់លោកកាន់តែដុនដាបឡើងៗ ហើយលោកក៏ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល 2 សប្ដាហ៍។
លោក Joe Biden បានហៅលោក Wright ថាជា «អ្នកចម្បាំងដ៏ក្លាយហាន ដែលបានទប់ទល់ទាំងជំងឺមហារីក ទាំងជំងឺ Covid-19» និងបានប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសពផងដែរ។
លោក Ron Wright បានជាប់ឆ្នោតជាសមាជិកសភាតាំងពីឆ្នាំ 2018 និងមានកៅអីនៅក្នុងគណៈកម្មការកិច្ចការបរទេស អប់រំ និងពលកម្មរបស់សភាជាន់ទាបផងដែរ។
កាលពីចុងខែធ្នូ ឆ្នាំ 2020 តំណាងរាស្ត្រដែលទើបតែបានជាប់ឆ្នោតនៅសភាជាន់ទាប លោក Luke Letlow អាយុ 41 ឆ្នាំ ក៏បានបាត់បង់ជីវិតដោយសារ Covid-19 នៅមុនថ្ងៃស្បថចូលកាន់តំណែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សហរដ្ឋអាមេរិក គិតមកដល់ព្រឹកថ្ងៃទី 9 កុម្ភៈនេះ មានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួនជាង 27 លាននាក់ ក្នុងនោះមានជាង 476,000 នាក់បានស្លាប់៕
ប្រភព៖ AFP