ក្រុមមន្ត្រីសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា កំពុងតែផ្អាកការចែកចាយវ៉ាក់សាំង AstraZeneca បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពតិចតួចនៅចំពោះមុខ Covid-19 ក្លាយពូជថ្មី។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 7 កុម្ភៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង វេជ្ជបណ្ឌិត Zweli Mkhize បានថ្លែងថា នេះគឺជាការសម្រេចចិត្តជាបណ្ដោះអាសន្ននៅក្នុងពេលរង់ចាំក្រុមអ្នកវិទ្យាសាស្ត្រកំណត់បាននូវវិធីសាស្ត្រថ្មីក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ឱ្យមានប្រសិទ្ធភាពបំផុត។ លោក Zweli Mkhize បានបញ្ជាក់ថា ប្រទេសនេះនឹងបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer/BioNTech និង Johnson & Johnson។
របាយការណ៍ដំបូងដែលត្រូវបានប្រកាសក្នុងថ្ងៃដដែលនោះបានបង្ហាញថា វ៉ាក់សាំង Oxford/AstraZeneca មានប្រសិទ្ធភាពកម្រិតទាប និងមធ្យមនៅចំពោះមុខ Covid-19 ក្លាយពូជនៅទ្វីបអាហ្វ្រិក។
ការស្រាវជ្រាវខាងលើនេះ ត្រូវបានធ្វើឡើងនៅលើអ្នកស្ម័គ្រចិត្តប្រមាណ 2,000 នាក់ ដែលមានវ័យជាមធ្យម 31 ឆ្នាំ ក្នុងនោះមានពាក់កណ្ដាលត្រូវបានចាក់វ៉ាក់សាំង Oxford/AstraZeneca និងពាក់កណ្ដាលទៀតចាក់វ៉ាក់សាំងផ្លាសេបូ (placebo) ដែលជាថ្នាំមិនមានសារធាតុសកម្ម/គ្មានប្រសិទ្ធភាព។
ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Witwatersrand របស់ប្រទេសអាហ្វ្រិកខាងត្បូង រួមនឹងសាកលវិទ្យា Oxford និងត្រូវបានប្រកាសនៅលើទំព័រសារព័ត៌មាន។ លទ្ធផលត្រូវបានបញ្ជូនទៅកាន់ថ្នាក់លើដើម្បីធ្វើការត្រួតពិនិត្យ ហើយវានឹងត្រូវបានប្រកាសជាផ្លូវការជាលាយលក្ខណ៍អក្សរនៅពេលឆាប់ៗខាងមុខ៕
ប្រភព៖ CNN