នៅក្នុងសារជាសំឡេងដែលត្រូវបានផ្សាយនៅលើទំព័រ Facebook សម្ដេច តេជោ ហ៊ុន សែន បានណែនាំមន្ត្រីសុខាភិបាល ឱ្យត្រៀមខ្លួនដើម្បីទទួលវ៉ាក់សាំង Covid-19 នាថ្ងៃទី 7 ខែកុម្ភៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង បានជំរាបថា វ៉ាក់សាំង Covid-19 នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី 7 ខែកុម្ភៈ។ សម្ដេច បានបញ្ជាក់ថា នៅពេលវ៉ាក់សាំងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចនឹងទៅទទួលដោយផ្ទាល់។
ចំណែកក្រសួងសុខាភិបាលកម្ពុជា ថ្មីៗនេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលបញ្ជាក់ថា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ដែលផលិតដោយក្រុមហ៊ុន Sinopharm (China National Pharmaceutical Group) របស់ប្រទេសចិនជាបន្ទាន់ផងដែរ។
រដ្ឋាភិបាលចិន កាលពីពេលកន្លងទៅនេះ បានសម្រេចផ្តល់ជំនួយជាវ៉ាក់សាំងប្រឆាំង Covid-19 ចំនួន 1 លានដូសដល់កម្ពុជាដោយមិនគិតថ្លៃ។ វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនមកឱ្យកម្ពុជាជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមាន 6 សែនដូស៕