មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ក្រោយពីក្រុមប៉ូលិសចិនបានឆ្មក់ចូលបង្រាបទីតាំងមួយចំនួនដែលផលិត និងលក់វ៉ាក់សាំង Covid-19 ក្លែងក្លាយ។
ក្រុមជនដែលត្រូវបានចាប់ខ្លួននេះ បាន និងកំពុងផលិតវ៉ាក់សាំងប្រឆាំង Covid-19 ក្លែងក្លាយដែលធ្វើឡើងអំពីទឹកអំបិល និងលក់ក្នុងតម្លៃខ្ពស់។ សារព័ត៌មាន RT បានឱ្យដឹងថា ក្រុមមន្ត្រីមានសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា បណ្ដាញផលិតវ៉ាក់សាំងល្មើសច្បាប់ទាំងនេះបានធ្វើសកម្មភាពអស់រយៈពេលជាច្រើនខែមកហើយ។
ប៉ូលិសបានធ្វើការស្រាវជ្រាវលើទីតាំងល្មើសច្បាប់មួយចំនួននៅរដ្ឋធានីប៉េកាំង ក៏ដូចជានៅក្នុងខេត្តចំនួនពីរទៀតគឺ Jiangsu និង Shandong ហើយក៏បានឈានដល់ការចាប់ខ្លួនមនុស្សចំនួន 80 នាក់ និងរឹបអូសបានបំពង់ថ្នាំប្រហែល 3,000 បំពង់ដែលផ្ទុកពេញដោយទឹកអំបិល។ ក្រុមប៉ូលិសក៏បានរកឃើញទីតាំងមួយចំនួនដែលផលិត និងលក់វ៉ាក់សាំងក្លែងក្លាយនេះដែរ។
ក្រុមជនល្មើសទាំងនេះ ត្រូវបានគេជៀថា រកបានប្រាក់យ៉ាងច្រើនសន្ធឹកពីការលក់ទឹកអំបិលដែលក្លាយជាវ៉ាក់សាំង ក្នុងតម្លៃខ្ពស់កប់ពពក។
ប្រទេសចិនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋ Sinovac និង Sinopharm សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 នៅទូទាំងប្រទេសដោយចាប់ផ្ដើមពីខែមករា។ ក្រុមហ៊ុនទាំងពីរខាងលើនេះ ដំបូងឡើយ បានឱ្យដឹងថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពជាង 78% ប៉ុន្តែ ក្នុងការពិសោធន៍នានាក្នុងដំណាក់កាលចុងក្រោយចំពោះបេក្ខភាពវ៉ាក់សាំង Sinovac នៅប្រេស៊ីល បានបង្ហាញថា វាមានប្រសិទ្ធភាពតែ 50.38% ប៉ុណ្ណោះ។
តាមការស្រង់ស្ថិតិ គិតមកដល់បច្ចុប្បន្ន វ៉ាក់សាំង Covid-19 ប្រមាណជា 24 លានដូសត្រូវបានប្រើប្រាស់នៅប្រទេសចិន។ ប្រទេសនេះសង្ឃឹមថា នឹងអាចចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានចំនួន 50 លាននាក់ មុននឹងចាប់ផ្ដើមឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំចិននៅពាក់កណ្ដាលខែកុម្ភៈ៕
ប្រភព៖ CNN