តំណាងរាស្ត្រនៃបក្សប្រជាធិបតេយ្យនៅសភាជាន់ទាបរបស់រដ្ឋ Massachusetts លោក Stephen Lynch កាលពីថ្ងៃទី 29 មករា បានបញ្ជាក់ថា បានឆ្លង Covid-19 បើទោះជាបានចាក់វ៉ាក់សាំងលើកទីពីរកាលពីជាង 1 សប្ដាហ៍មុន។
Stephen Lynch ទទួលបានលទ្ធផលវិជ្ជមាន ក្រោយពីបុគ្គលិកម្នាក់នៃការិយាល័យរបស់លោក នៅក្នុងទីក្រុង Boston បានឆ្លង Covid-19 កាលពីដើមសប្ដាហ៍ នេះបើតាមអ្នកនាំពាក្យ Molly Rose Tarpey។
តំណាងរាស្ត្រខាងលើត្រូវបានចាក់វ៉ាក់សាំង Covid-19 របស់ Pfizer-BioNTech លើកទីពីរ និងបានធ្វើតេស្តរកឃើញថា អវិជ្ជមាននៅមុនពិធីស្បថចូលកាន់តំណែងរបស់លោក Biden កាលពីថ្ងៃទី 20 មករា។ បច្ចុប្បន្ន លោក Lynch កំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង។
យោងតាមសេចក្ដីប្រកាសពីក្រុមហ៊ុន Pfizer ម្ជុលទីពីរនៃវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុននេះ ត្រូវការពេល 7 ថ្ងៃ ទើបបញ្ចេញប្រសិទ្ធភាព។ ប៉ុន្តែ ព័ត៌មានពីការិយាល័យរបស់លោក Lynch ឱ្យដឹងថា លោកត្រូវបានចាក់វ៉ាក់សាំងកាលពី 9 ថ្ងៃមុនពេលទទួលបានលទ្ធផលវិជ្ជមាន។
លោក Lynch គឺជាសមាជិកទីពីររបស់ក្រុមតំណាងរាស្ត្រ Massachusetts នៅសភា បានឆ្លង Covid-19 ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ មុននេះ តំណាងរាស្ត្រសភាជាន់ទាប លោកស្រី Lori Trahan ក៏បានប្រកាសថា បានឆ្លង Covid-19 និងកំពុងធ្វើចត្តាឡីស័កជាមួយក្រុមគ្រួសារ។
សហរដ្ឋអាមេរិក គិតដល់ព្រឹកថ្ងៃទី 31 មករា ឆ្នាំ 2021 នេះ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 26,652,143 នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះ បានកើនដល់ 450,381 នាក់ ខណៈអ្នកកំពុងផ្ទុកវីរុស មានចំនួន 9,878,665 នាក់៕
ប្រភព៖ Boston Herald