ប្រទេសថៃមានគម្រោងផលិតវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុកដើម្បីត្រៀមសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំនៅក្នុងខែមិថុនាខាងមុខ។
ប្រធានវិទ្យាស្ថានជាតិវ៉ាក់សាំងរបស់ថៃ លោក Nakorn Premsri កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តាមផែនការ ប្រទេសនេះនឹងបញ្ចប់ការពិសោធវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក នៅចុងខែឧសភា និងផលិតរួចរាល់នៅក្នុងខែមិថុនា 2021 ដើម្បីត្រៀមសម្រាប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងទ្រង់ទ្រាយធំ។ លោក Nakorn Premsri បាននិយាយថា ប្រទេសថៃអាចផលិតវ៉ាក់សាំង Covid-19 បានចំនួន 18 លានដូសរៀងរាល់ខែ។
យោងតាមមេដឹកនាំវិទ្យាស្ថានខាងលើ មូលហេតុដែលប្រទេសនេះបានជ្រើសរើសវ៉ាក់សាំងផលិតក្នុងស្រុកគឺព្រោះពួកគេចង់ធានាឱ្យមានប្រភពវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ក្នុងគ្រាដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដែលបានសម្លាប់មនុស្សជាង 2 លាននាក់។
ប្រទេសថៃបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថ AstraZeneca កាលពីខែតុលា ឆ្នាំ 2020 តាមពីក្រោយប្រទេសមួយចំនួន ដូចជា អង់គ្លេស អាមេរិក និងឥណ្ឌា។ ថៃបានបញ្ជាទិញវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងប្រទេសថៃ ចំនួន 61 លានដូស គ្រប់គ្រាន់សម្រាប់មនុស្ស 30 លាននាក់ ដែលស្មើនឹងជាងពាក់កណ្ដាលនៃពលរដ្ឋពេញវ័យរបស់ប្រទេសនេះ ដោយមិនទាន់រាប់បញ្ចូលទាំងពលរដ្ឋអាយុក្រោម 18 ឆ្នាំ និងស្ត្រីមានផ្ទៃពោះ។
គិតរហូតដល់ខែមិថុនា ឆ្នាំ 2021 នេះ ប្រទេសថៃនឹងនៅតែបន្តពឹងផ្អែកលើវ៉ាក់សាំង Covid-19 ដែលនាំចូលពីបរទេស។ តាមផែនការ ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងនាំចូលចំនួន 50,000 ដូសដំបូង ពីក្រុមហ៊ុន AstraZeneca នៅខែក្រោយនេះ រួចហើយនឹងបន្តទទួល 100,000 ដូសទៀតក្នុងរយៈពេលប៉ុន្មានខែបន្ទាប់នោះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul កាលពីម្សិលមិញបានសំដែងការព្រួយបារម្ភលើបញ្ហាផ្គត់ផ្គង់នៅអឺរ៉ុប ដែលអាចនាំឱ្យកាលបរិច្ឆេទទទួលវ៉ាក់សាំងពី AstraZeneca ត្រូវពន្យារពេល។
AstraZeneca គឺជាក្រុមហ៊ុនផលិតឱសថពហុប្រទេសរបស់ស៊ុយអែត និងអង់គ្លេស។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅទីក្រុង Cambridge ប្រទេសអង់គ្លេស និងមានសាខារោងចក្រផលិតឱសថនៅក្នុងប្រទេសមួយចំនួនផងដែរ។
ប្រទេសថៃក៏បានបញ្ជេទិញវ៉ាក់សាំង Sinovac Biotech របស់ចិនចំនួន 2 លានដូស ដែលថៃនឹងត្រូវទទួលបាន 200,000 ដូសនៅក្នុងខែកុម្ភៈ បើទោះជាវ៉ាក់សាំងនេះមិនទាន់ត្រូវបានអាជ្ញាធរអនុម័តឱ្យប្រើប្រាស់ក៏ដោយ។
ប្រទេសថៃ បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 17,023 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 76 នាក់ និងជាសះស្បើយចំនួន 11,396 នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន 5,551 នាក់៕
ប្រភព៖ Reuters