សហរដ្ឋអាមេរិកគឺដែលជាសម្បុកវីរុស Covid-19 ធំជាងគេក្នុងពិភពលោក បានប្រកាសថា វីរុស Covid-19 ក្លាយពូជថ្មី មានសមត្ថភាពទប់ទល់នឹងវ៉ាក់សាំង ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។
សហរដ្ឋអាមេរិក គិតមកដល់ព្រឹកថ្ងៃទី 29 មករានេះ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុប 26,310,559 នាក់ និងអ្នកស្លាប់សរុប 443,162 នាក់ ក្នុងនោះមានអ្នកជំងឺថ្មី 145,343 នាក់ និងអ្នកស្លាប់ថ្មីចំនួន 3,463 នាក់ ដែលត្រូវបានរកឃើញក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ។
ក្រុមមន្ត្រីសុខាភិបាលអាមេរិក កាលពីថ្ងៃទី 28 មករា បានប្រកាសជាលើកដំបូងថា បានរកឃើញវីរុស Covid-19 ក្លាយពូជថ្មីដែលមានប្រភពពីអាហ្វ្រិក នៅលើអ្នកជំងឺ 2 នាក់នៅក្នុងរដ្ឋ Carolina ខាងត្បូង។ សហគមន៍អ្នកវេជ្ជសាស្ត្រយល់ថា វីរុសក្លាយពូជថ្មីនេះគឺជាឧបសគ្គដ៏គួរឱ្យប្រកាសអាសន្ននៅក្នុងការប្រឹងប្រែងទប់ស្កាត់វីរុស ព្រោះថា មន្ទីរពិសោធន៍ជាច្រើនបានបញ្ជាក់ថា វីរុសក្លាយពូជថ្មីនេះមានសមត្ថភាពទប់ទល់នឹងវ៉ាក់សាំង និងកាត់បន្ថយប្រសិទ្ធភាពរបស់អង្គបដិប្រាណដែលបង្កើតឡើងដោយវ៉ាក់សាំងទៀតផង។
ព័ត៌មានខាងលើនេះត្រូវបានលើកឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីនាយកដ្ឋានសុខាភិបាលរដ្ឋ Minnesota បានរកឃើញករណីឆ្លងវីរុស Covid-19 ក្លាយពូជដែលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ និងមានប្រភពពីប្រទេសប្រេស៊ីល ខណៈដែលវីរុសក្លាយពូជមកពីអង់គ្លេសបានបង្ហាញខ្លួននៅក្នុងរដ្ឋយ៉ាងតិចចំនួន 28 នៅសហរដ្ឋអាមេរិក៕
ប្រភព៖ RT