ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីថ្ងៃទី 26 មករា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឱសថចំនួនពីរគឺ Pharmaniaga Lifescience Sdn Bhd និង Doupharma Sdn Bhd ដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន 18.4 លានដូស។
យោងតាមប្រភពព័ត៌មានពីរាជធានី គួឡាឡាំពួរ Pharmaniaga Lifescience Sdn Bhd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Pharmaniaga (ក្រុមហ៊ុនលំដាប់កំពូលរបស់ម៉ាឡេស៊ី) នឹងផ្គត់ផ្គង់វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac ចំនួន 12 លានដូស មកឱ្យម៉ាឡេស៊ី។
ក្រសួងសុខាភិបាលឱ្យដឹងថា បរិមាណនៃវ៉ាក់សាំង CornaVac ខាងលើនេះ គ្រប់គ្រាន់សម្រាប់ចាក់ឱ្យមនុស្សចំនួន 6 លាននាក់ ស្មើនឹង 18.75% នៃប្រជាជនសរុបរបស់ប្រទេសម៉ាឡេស៊ី។ វ៉ាក់សាំង CornaVac នឹងត្រូវបានផ្គត់ផ្គង់មកឱ្យម៉ាឡេស៊ី ទៅតាមដំណាក់កាល ដោយចាប់ផ្ដើមពីចុងខែមីនាខាងមុខ។
ចំណែកវ៉ាក់សាំង Sputnik V ដែលផលិតឡើងដោយក្រុមហ៊ុនរុស្ស៊ី Gamaleya ចំនួន 6.4 លានដូស ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Duopharma នឹងចាក់ឱ្យពលរដ្ឋបាន 3.2 លាននាក់។
វ៉ាក់សាំងចំនួនពីរប្រភេទខាងលើនឹងត្រូវបានចាក់ចំនួន 2 លើកសម្រាប់មនុស្សម្នាក់ និងចាក់ឱ្យពលរដ្ឋដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។ ចំពោះ CoronaVac ការចាក់លើកទីពីរនឹងមានគម្លាតពីលើកទីមួយចំនួនពីរសប្ដាហ៍ ខណៈ Sputnik V គម្លាតនេះនឹងមានរយៈពេល 21 ថ្ងៃ។
ប្រទេសម៉ាឡេស៊ី គិតមកដល់ព្រឹកថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 190,434 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 700 នាក់ ខណៈ 40,574 នាក់កំពុងសម្រាកព្យាបាល៕
ប្រភព៖ Yahoo News