ព្រឹកថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជាប្រកាសឱ្យដឹងថា ក្នុងថ្ងៃទី 25 មករា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 2 ករណីទៀត នាំឱ្យតួលេខសរុបនៃអ្នកដែលបានឆ្លងវីរុសនៅកម្ពុជាកើនដល់ 460 នាក់។
ករណីវិជ្ជមានទាំងពីរខាងលើនេះ សុទ្ធតែជាករណីនាំចូល ក្នុងនោះមាន 1 ករណីជាពលការិនីត្រលប់មកពីប្រទេសថៃ និង 1 ករណីទៀត ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីរកឃើញករណីវិជ្ជមាន ក្នុងរយៈពេល 24 ម៉ោងកន្លងទៅ កម្ពុជាក៏មានអ្នកជាសះស្បើយចំនួន 2 ករណីផងដែរ។ ព័ត៌មានលម្អិត សូមអានតារាងខាងក្រោម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 460 នាក់ ក្នុងនោះមាន 412 នាក់បានជាសះស្បើយ និង 48 នាក់កំពុងសម្បាកព្យាបាល។
នៅទូទាំងពិភពលោក អ្នកឆ្លង Covid-19 បានកើនឡើងដល់ជាង 100 លាននាក់ និងអ្នកស្លាប់កើនដល់ជាង 2,148,000 នាក់ ខណៈអ្នកជំងឺកំពុងព្យាបាលមានចំនួនជាង 25.8 លាននាក់៕