ប្រទេសថៃ កាលពីថ្ងៃទី 25 មករា បានប្រកាសឱ្យដឹងអំពីគម្រោងចាក់វ៉ាក់សាំងទប់ស្កាត់ Covid-19 នៅខែកុម្ភៈខាងមុខ ដោយប្រើប្រាស់វ៉ាក់សាំង 50,000 ដូស របស់ AstraZeneca។
ឆ្លើយនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន លោក Sopon Mekton ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់ថៃ បានឱ្យដឹងថា បុគ្គលិកសុខាភិបាលនៅក្នុងខេត្ត Samut Sakhon ដែលជាស្នូលនៃរលកវីរុសថ្មីបំផុតនៅប្រទេសនេះ នឹងត្រូវបានចាក់វ៉ាក់សាំងដំបូងគេ បន្ទាប់មកគឺក្រុមមនុស្សវ័យចំណាស់ និងពលរដ្ឋដែលមានជំងឺប្រចាំកាយ។
កាលពីសប្ដាហ៍មុន ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំពេទ្យរបស់ថៃ បានអនុម័តប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែមិនទាន់បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech ដែលខ្លួនបានបញ្ជាទិញពីប្រទេសចិននៅឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃ Anutin Charnvirakul បញ្ជាក់ថា ប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងជាង 2 សែនដូសរបស់ AstraZeneca និង 2 លានដូស របស់ Sinovac Biotech។
គិតមកដល់ព្រឹកថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 13,687 នាក់ ក្នុងនោះមាន 75 នាក់បានស្លាប់៕
ប្រភព៖ Bangkok Post