សម្រាប់អ្នកម្តាយថ្មីថ្មោង ការត្រៀមរៀបចំរបស់ប្រើប្រាស់ ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែកមើលពិភពលោកថ្មីៗនោះ គឺជារឿងសំខាន់ខ្លាំងណាស់ តែសូមអ្នកម្តាយក្មេងវ័យ កុំបារម្ភអី ថ្ងៃនេះយើងមានអត្តបទល្អៗ មកជម្រាបជូន ដើម្បីជាជំនួយស្មារតីដល់អ្នកម្តាយក្នុងការមើលថែទាំកូនតូចយ៉ាងមានសុវត្ថិភាព…សូមតាមដានដូចតទៅ៖
1-ខោកន្ទបទឹកនោម យ៉ាងតិចណាស់2ឡូ
ដោយសាតែទារកដែលទើបនឹងកើត រហូតដល់អាយុ 3ខែ ត្រូវបញ្ចេញទឹកនោមក្នុង 1ថ្ងៃ ពី 12-18ដង(មិនរាប់ពេលយប់)នោះ ដូច្នេះត្រូវមានខោកន្ទបទឹកនោម ទុកសម្រាប់ផ្លាស់ឱ្យកូនតូច ប្រមាណជា 12-20ខោ និងត្រូវមានទុកសម្រាប់ បោកប្រើផ្លាស់ប្តូរមួយចំនួនទៀតផង តែបើមិនសូវមានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូន ប្រមាណជា 3ឡូទើបសមល្មម។
2-ក្រណាត់កន្ទប (រាង 4ជ្រុង) យ៉ាងតិច 6-12បន្ទះ
បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទប រាង 4ជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន។
3-ដបទឹកដោះគោ ចំនួន 5 (សម្រាប់ទារកដែលបៅដោះម្តាយ) និង 12ដប (សម្រាប់ទារកដែលបៅទឹកដោះគោ)
-ដបទឹកដោះគោខ្នាតតូច ចំនួន5 (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូនតូចបៅ និងទុកសម្រាប់លាង ប្រើផ្លាស់ប្តូរ ។
-ដបទឹកដោះគោខ្នាតធំ ចំនួន12 (សម្រាប់ទារកដែលបៅទឹកដោះគោ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូនតូចបៅ និងទុកសម្រាប់ឆុងទឹកដោះគោឱ្យកូនតូចបៅ ព្រមទាំងទុកសម្រាប់លាងប្រើផ្លាស់ប្តូរ។
4-ច្រាសលាងដបទឹកដោះ ចំនួន1
គួរជ្រើសរើសទិញច្រាស ដែលខាងចុងមានសរសៃច្រាសធ្វើពីប្លាស្ទិក ព្រោះអាចដុសសម្អាតកំណកម្សៅទឹកដោះគោបានស្អាតជាងច្រាសដែលខាងចុងជាអេប៉ុង។
5-ពូកគេងប្រភេទអេប៉ុង ដែលដាក់ឱ្យកូនតូចគេង ហើយមិនទ្រុឌទៅក្រោមជ្រៅពេក
ដោយសាតែ បើប្រើពូកដែលទន់ និងទ្រុឌចុះទៅក្រោមខ្លាំងពេក អាចនឹងធ្វើឱ្យសាច់ពូកខ្ទប់មុខ ឬខ្ទប់ច្រមុះកូនតូច នៅពេលដែលដាក់កូនតូចឱ្យគេងផ្អៀង ឬគេងផ្កាប់នោះ តែក៏មិនគួរជ្រើសរើសយកពូកណាដែលរឹងជ្រុលពេកដែរ។
6-ក្រណាត់កៅស៊ូ សម្រាប់ទ្រាប់ 1បន្ទះ
ក្រណាត់កៅស៊ូ ទុកសម្រាប់ទ្រាប់ពីក្រោម មិនឱ្យទឹកនោមកូនតូច ហូរជ្រាបទៅដល់ពូក តែគួរយកក្រណាត់កន្ទបរាង 4ជ្រុងមកដាក់ទ្រាប់ពីក្រោមខ្លួនកូនតូចជាមុនសិន ដើម្បីកុំឱ្យក្រណាត់កៅស៊ូ ប៉ះជាប់ផ្ទាល់នឹងខ្លួនកូនតូច ជាហេតុបណ្តាលឱ្យកូនតូចក្តៅស្អុះ និងបែកញើសបាន។
7-អាវទារក មានខ្សែចងពីក្រោយ ចំនួន 6-10អាវ
អាវដែលមានខ្សែចងពីក្រោយ គឺជាអាវដែលល្អសម្រាប់ទារកទើបនឹងកើត ដោយសាតែវាងាយស្រួលពាក់ តែអ្នកម្តាយ មិនគួរមានច្រើនពេកទេ ព្រោះទារកទើបកើតថ្មី រហូតដល់អាយុ 1ខែ ឆាប់ធំធាត់ខ្លាំងណាស់។
8-កន្សែងសម្រាប់រុំខ្លួនទារក ចំនួន2
មិនគួរមានច្រើនពេកទេ ដោយសារតែភាគច្រើន អ្នកម្តាយត្រូវប្រើប្រាស់កន្សែងរុំខ្លួនទារកនេះ តែក្នុងអំឡុងពេលដែលទារកទើបនឹងកើតថ្មី រហូតដល់អាយុបាន 1ខែប៉ុណ្ណោះ។
9-មួក ស្រោមដៃ ស្រោមជើង
ចូរជ្រើសរើសយកមួកណា ដែលសមល្មមនឹងក្បាលកូនតូច មិនរលុងខ្លាំងពេក និងគួរមានយ៉ាងតិច2 សម្រាប់ពាក់គេងពេលយប់។ ស្រោមដៃត្រូវមានយ៉ាងតិច 4-6គូ និងស្រោមជើងយ៉ាងតិច 3គូ ទុកសម្រាប់ពាក់ពេលគេងយប់ និងពេលចេញទៅក្រៅផ្ទះ។
10-ចានអាងសម្រាប់ផ្ងូតទឹកកូនតូច ចំនួន1
គួរផ្ងូតទឹកកូនតូច ដោយទឹកក្តៅអ៊ុនៗជានិច្ច
11-អេប៉ុងប្រភេទទន់ ចំនួន 1ដុំ
ទុកសម្រាប់ដុសសម្អាតខ្លួនកូន យ៉ាងថ្នមៗ
12-សំឡី ទុកសម្រាប់ជូតគូទកូនតូច 1កញ្ចប់ និងដុំសំឡី ដែលមានដង 1កញ្ចប់តូច
សំឡី 1កញ្ចប់ធំ ទុកសម្រាប់ជូតគូទកូនតូច ក្រោយពេលកូនជុះរួច និងទុកជូតអវយវៈផ្សេងៗ ឯដុំសំឡីដែលមានដង ទុកសម្រាប់ជូតកន្លែងរន្ធច្រមុះ រន្ធត្រចៀក…ល…របស់កូនតូច។
13-សាប៊ូដុសខ្លួនសម្រាប់ទារក និងសាប៊ូកក់សក់សម្រាប់ទារក
ចូរជ្រើសរើសប្រើសាប៊ូទឹកក្នុងដប បែបមានក្បាលសង្កត់ ព្រោះងាយស្រួលក្នុងការប្រើប្រាស់៕