មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹកដៃកូនសិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុងខ្សែភាពយន្តតុក្កតាជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។
មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន(ជាធម្មតាជនជាតិជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជាឋានៈជីវភាពមាន ឬក្រក៏ដោយ ក៏ត្រូវតែដើរទៅសាលារៀនចម្ងាយប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសាលារៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើតចំណុចល្អៗជាច្រើន ចំពោះជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖
- ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។
- កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។
- ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ដោយការឱ្យក្មេងធំៗមើលថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា។
- បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ រហូតទាល់តែក្មេងនោះចេញមក ទើបដើរទៅជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។
- បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។
- ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុមកូនសិស្សឆ្លងថ្នល់ផងដែរ។
ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ ឱ្យកូនសិស្សដើរទៅសាលារៀនដោយខ្លួនឯងនោះ នឹងទទួលបានអ្វីល្អៗជាច្រើន លើការអភិវឌ្ឍរបស់កុមារ បង្កើនភាពទទួលខុសត្រូវ ភាពមានទឹកចិត្ត ចេះអត់ធ្មត់ និងចេះជួយយកអាសាគ្នាទៅវិញទៅមក រួមទាំងបង្កើនភាពសាមគ្គីគ្នាទាំងកូនសិស្ស ទាំងឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ធ្វើឱ្យសង្គមជប៉ុនមានភាពស្រឡាញ់គ្នា ចេះធ្វើការងារជាក្រុម និងកើតមានការសាមគ្គីគ្នា និងជួយគ្នាអភិវឌ្ឍប្រទេសជាតិ នៅទីបំផុត៕