នៅក្នុងក្បួនតម្រាពេទ្យរបស់ចិនបានបង្រៀនថា មានកាយវិការ 8យ៉ាង ដែលយើងគួរធ្វើនៅក្នុងជីវឹតប្រចាំថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ កាយវិការទាំងអស់នោះគឺ៖
1.ធ្វើចលនាកែវភ្នែក៖ ការផ្ចង់ខ្សែភ្នែក ទៅរកចំណុចណាមួយរយៈពេលយូរ គឺជាការធ្វើបាបកែវភ្នែកដោយផ្ទាល់ យ៉ាងហោចណាស់ នៅរៀងរាល់ 1ម៉ោងម្តង មនុស្សម្នាក់ៗគួរធ្វើលំហាត់ប្រាណខ្សែភ្នែក ដោយការបើកភ្នែកសម្លឹងមើលទៅលើពិតាន រួចហើយបង្វិលកែវភ្នែកសន្សឹមៗទៅខាងឆ្វេង រួចចុះទៅក្រោម ហើយរេទៅខាងស្តាំ មុននឹងវិលទៅសម្លឹងមើលខាងលើវិញ។ ធ្វើបែបហ្នឹងឱ្យបានច្រើនដង សាច់ដុំភ្នែក នឹងបានរឹងមាំ។
2.លេបទឹកមាត់៖ ការលេបទឹកមាត់ញឹកញាប់ គឺជាការធ្វើលំហាត់ប្រាណសាច់ដុំបំពង់ក ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យធ្វើការតាមប្រក្រតី។
3.សិតសក់៖ ទោះជាការសិតសក់ញឹកញាប់ មិនបានជួយឱ្យសក់ស្អាតឡើងមែន តែវាជាការជួយម៉ាស្សាសរសៃប្រសាទលើខួរក្បាល ធ្វើឱ្យភ្នែកភ្លឺច្បាស់ ឫសសរសៃសក់រឹងមាំឡើង ព្រោះមានលោហិតហូរទៅចិញ្ចឹមស្បែកក្បាល រៀងរាល់ពេលដែលយើងសិតសក់ជានិច្ច។
4.ធ្វើម៉ាស្សាត្រចៀក៖ នៅនឹងត្រចៀករបស់យើង មានសរសៃប្រសាទដែលតភ្ជាប់ជាមួយក្រលៀន។ ការទាញ ផ្ទាត់ ច្របាច់ ឬត្រដុសស្លឹកត្រចៀកញឹកញាប់ នឹងជួយជំរុញការធ្វើការងាររបស់ក្រលៀនដោយផ្ទាល់ ជួយការពារអាការវិលមុខ និងការបានឮអ្វីផ្តេសផ្តាស់។
5.កម្រើកអណ្តាត ពេលអង្គុយទំនេរៗ៖ បើបានយកអណ្តាតរុញក្រអូមមាត់ខាងលើផងនោះ នឹងជួយជំរុញការបញ្ចេញទឹកមាត់ ធ្វើឱ្យប្រអប់មាត់ស្អាត និងបំបាត់ក្លិនមាត់បានទៀតផង។
6.ខ្ជឹបរន្ធគូទ៖ ជាវិធីបំបាត់អាការឆ្អល់ពោះដ៏ងាយបំផុត។ ចូរខ្ជឹបរន្ធគូទ ក្នុង 1ថ្ងៃឱ្យបាន 3ឈុត ក្នុង1ឈុតពី 50-100ដង ព្រោះរៀងរាល់ពេល ដែលយើងខ្ជឹបរន្ធគូទ ពោះវៀននឹងពង្រឹងខ្លួន កម្ចាត់វត្ថុខូចៗដែលនៅសេសសល់មិនឱ្យរាតត្បាតបំផ្លាញរាងកាយរបស់យើង។
7.ខាំធ្មេញ៖ ការខាំធ្មេញស្រាលៗញឹកញាប់ នឹងជួយធ្វើឱ្យធ្មេញរឹងមាំ និងជួយជំរុញការផលឹតទឹករំលាយអាហារ។ អ្នកដែលមានបញ្ហារឿងពោះវៀន ចូរកុំខកខានឱ្យសោះ។
8.ត្រដុសថ្ពាល់ និងផ្ទៃមុខ៖ គឺជាកន្លែងដែលខ្វះការហាត់ប្រាណខ្លាំងបំផុត ទាំងវាជាវិធីមួយដ៏សែនងាយបំផុត ដោយគ្រាន់តែត្រដុសបាតដៃទាំងសងខាង ហើយយកបាតដៃមកដុសមុខស្រាលៗ នឹងជួយជំរុញលំហូរវិលរបស់លោហិត ធ្វើឱ្យឈាមហូរមកចិញ្ចឹមផែនថ្ពាល់ទាំងសងខាងបានកាន់តែច្រើនឡើង ធ្វើឱ្យផ្ទៃមុខស្អាតស្រស់ថ្លា៕