យោងតាមស្ថិតិនៅលើទំព័រ Worldometers មកដល់នាទីចុងក្រោយនៃថ្ងៃទី 14 មករា បណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានរកឃើញមនុស្សចំនួន 17,750 នាក់បន្ថែមទៀតដែលវិជ្ជមាននឹង Covid-19។
ក្នុងអំឡុង 24 ម៉ោងកន្លងទៅ ASEAN មានសមាជិកចំនួន 5 ប្រទេស មានករណីស្លាប់ដោយសារ Covid-19 រួមមាន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ានម៉ា និងម៉ាឡេស៊ី។
ឥណ្ឌូនេស៊ីបន្តជាសម្បុកវីរុសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 869,600 នាក់ និងស្លាប់ចំនួន 25,246 នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន 11,557 នាក់ និងស្លាប់ថ្មីចំនួន 295 នាក់។
ប្រទេសហ្វីលីពីន ម៉ាឡេស៊ី មីយ៉ានម៉ា ថៃ ក៏កំពុងតែជាប្រទេសដែលមានភាពវឹកវរជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វីរុស Covid-19 បានឆក់យកជីវិតមនុស្សចំនួន 38,611 នាក់នៅទូទាំងតំបន់នេះ កើន 362 នាក់ បើធៀបនឹងម្សិលមិញ ខណៈអ្នកវិជ្ជមានបានកើនដល់ 1,717,424 នាក់។ ចំណែកអ្នកបានជាសះស្បើយ មានចំនួន 1,468,261 នាក់៕