កាលពីថ្ងៃទី 13 មករា នាយករដ្ឋមន្ត្រីព័រទុយហ្គាល Antonio Costa បានប្រកាសថា ប្រទេសនេះនឹងដាក់បម្រាមគោចរជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដែលបង្កជំងឺរលាកសួត Covid-19។
នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈរដ្ឋមន្ត្រី លោក Antonio Costa ថ្លែងថា បទបញ្ជាបម្រាមគោចរថ្មីនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ 2021 ក្នុងនោះនឹងរួមមានទាំងវិធានការរឹតបន្តឹងការធ្វើដំណើរដូចដែលបានធ្វើឡើងកាលពីខែមីនា និងខែមេសា ឆ្នាំទៅ។ ហាងទំនិញមិនចាំបាច់ ហាងកាហ្វេ ភោជនីយដ្ឋានជាដើម ត្រូវតែបិទទ្វារផ្អាកដំណើរការជាបណ្ដោះអាសន្ន លើកលែងតែសាលារៀន។ ទន្ទឹមនឹងនេះ ពលរដ្ឋក៏ត្រូវបានស្នើឱ្យនៅក្នុងផ្ទះ ប៉ុន្តែអាចចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំដំបូង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី 24 មករាខាងក្នុង។ លោក Costa បញ្ជាក់ថា ចាប់ពីថ្ងៃទី 17 មករា ពលរដ្ឋប្រទេសនេះអាចទៅបោះឆ្នោតមុនកាលកំណត់បាន។
នៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅ ព័រទុយហ្គាលបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន 10,556 នាក់ និងស្លាប់ចំនួន 156 នាក់ នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមានកើនដល់ជាង 500,000 នាក់ និងស្លាប់ជាង 8,000 នាក់។
ទន្ទឹមនឹងព័រទុយហ្គាល រដ្ឋាភិបាលស្វីសក៏បានប្រកាសថានឹងដាក់បម្រាមគោចរ ហើយវិធានការតឹងរ៉ឹងនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី 18 មករា ខាងមុខ។ ប្រទេសនេះ ក្នុងរយៈពេលមួយថ្ងៃនិងមួយយប់កន្លងទៅ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 3,001 នាក់ ធ្វើឱ្យតួលេខសរុបនៃអ្នកវិជ្ជមានឡើងដល់ជាង 490,000 នាក់ និងស្លាប់ជាង 8,500 នាក់៕
ប្រភព៖ RT