ខេត្ត Heilongjiang របស់ប្រទេសចិនត្រូវបានដាក់ឱ្យស្ថិតក្នុងភាពប្រកាសអាសន្នចាប់ពីថ្ងៃទី 13 មករានេះ ក្រោយពីបានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីជាច្រើននាក់ដែលមិនមានរោគសញ្ញា។
សារព័ត៌មាន AFP ឱ្យដឹងថា ប្រទេសចិនបានគ្រប់គ្រងការឆ្លងរាលដាលវីរុស Covid-19 បានយ៉ាងល្អ បន្ទាប់ពីវីរុសនេះបានរាតត្បាតពេញទីក្រុង Wuhan កាលពីចុងឆ្នាំ 2019។ ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចិនបានរកឃើញករណីវិជ្ជមានជាច្រើននាក់ដែលជាករណីឆ្លងក្នុងសហគមន៍។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរថ្នាក់ខេត្ត ដាក់បម្រាមគោចរ កាត់បន្ថយការធ្វើដំណើរ លុបចោលការជួបជុំ រួមនឹងការធ្វើតេស្តបន្ថែមទៀត។
ក្នុងចំណោមខេត្តដែលបានចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរ ឬការជួបជុំ Heilongjiang ដែលជាខេត្តមួយនៅភាគឦសានប្រទេសចិន ក៏ត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដោយស្នើឱ្យពលរដ្ឋមិនចាកចេញពីតំបន់មូលដ្ឋាន បើសិនមិនមានកិច្ចការសំខាន់ខ្លាំង ក៏ដូចជាការលុបចោលព្រឹត្តិការណ៍ជួបជុំនានាផងដែរ។ វិធានការទាំងនេះត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការកើនឡើងនៃករណីឆ្លង Covid-19 ថ្មី ដោយសារថា ខេត្តនេះទើបតែបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន 28 នាក់ ក្នុងនោះមាន 12 នាក់មិនមានរោគសញ្ញា។
មុននេះ ទីក្រុង Suihua របស់ខេត្ត Heilongjiang ដែលមានប្រជាជនជាង 5.2 លាននាក់ ក៏ត្រូវបានដាក់បម្រាមគោចរកាលពីថ្ងៃទី 11 មករា បន្ទាប់ពីរកឃើញមនុស្សជាង 40 នាក់វិជ្ជមាននឹង Covid-19 ក្នុងនោះមាន 45 នាក់មិនមានរោគសញ្ញា។ ចាប់ពីថ្ងៃទី 13 មករានេះ ទីក្រុងមួយចំនួននៅក្បែរ Suihua ក៏បានចាប់ផ្ដើមដាក់បម្រាមគោចរ ឬរឹតបន្តឹងការធ្វើដំណើរផងដែរ។
ប្រទេសចិនបានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 115 នាក់ ក្នុងថ្ងៃទី 13 ខែមករានេះ ក្នុងនោះមានជាង 90 ករណីនៅក្នុងខេត្ត Hebei។ អាជ្ញាធរចិន កាលពីសប្ដាហ៍មុនបានចាប់ផ្ដើមយុទ្ធនាការធ្វើតេស្ត Covid-19 ជាថ្មី និងបានបិទប្រព័ន្ធគមនាគមន៍សាធារណៈ សាលារៀន និងហាងនានានៅទីក្រុង Shijiazhuang ខេត្ត Hebei ដែលជាសម្បុកវីរុស Covid-19 ថ្មីបំផុត។
គិតមកដល់បច្ចុប្បន្ន ប្រទេសចិន បានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 87,706 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 4,634 នាក់ និងអ្នកកំពុងព្យាបាល 784 នាក់ ខណៈជាអ្នកបានជាសះស្បើយមានចំនួន 82,288 នាក់៕
ប្រភព៖ France24